(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំកែលំអសោភ័ណភាពឡើងវិញនូវទីកន្លែងកីឡាដ្ឋានបាល់ទាត់របស់ខេត្ត ក្នុងក្រុងកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងណែនាំដូច្នេះនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសមញ្ញលើកទី២២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ស្តាតបាល់ទាត់ខេត្តកំពង់ចាម បច្ចុប្បន្នឃើញថា ក្នុងទីលានមានស្មៅដុះច្រើន និងមិនសូវមានការថែទាំ ទើបធ្វើឲ្យកីឡាដ្ឋានបាល់ទាត់មួយនេះ ប្រែក្លាយទៅជាបាត់បង់សោភ័ណភាព។
លោកអភិបាលខេត្ត បានថ្លែងថា «ខ្ញុំសុំស្នើឱ្យមន្ទីរអប់រំ ខិតខំធ្វើយ៉ាងណាលើបញ្ហាកីឡាដ្ឋានបាល់ទាត់ខេត្តកំពង់ចាមនេះ រៀបចំឱ្យមានសោភ័ណភាពឡើងវិញ ដោយធ្វើការរៀបចំថែទាំ ឲ្យបានល្អបន្តិចម្តងៗ រហូតបានល្អប្រសើរដើម្បីរក្សាកិត្តយស មុខមាត់របស់ខេត្តយើង»។
ទន្ទឹមនិងនោះដែរ លោកអភិបាលខេត្ត បានស្នើដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាធ្វើការដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតីធ្វើយ៉ាងណាកុំឲ្យមានការបង្កភាពអនាធិបតេយ្យ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មហាជនពោល គឺត្រូវប្រើប្រាស់ទីតាំងដែលមានស្រាប់សម្រាប់ពួកគាត់ និងត្រូវជួយពិនិត្យព្យាបាល និងធ្វើការស្វែងរកសាច់ញាតិពួកគាត់ឲ្យជួយទទួលខុសត្រូវផងដែរ។