(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាលកូវីដ-១៩។
លោកវរសេនីយ៍ឯក សៀ ទីន បានចុះទៅទីតាំងមន្ទីរពេទ្យរស្ស៊ី, ទីតាំងមណ្ឌលសុខភាពចាក់អង្រែក្រោម, ទីតាំងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) និងចូលសួរសុខទុក្ខកម្លាំងអាវុធហត្ថដែលឈរជើងនៅ សាលារាជធានីភ្នំពេញ ត្រៀមអន្តរាគមន៍ទៅតាមគោលដៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក ផ្សេងៗតាមការចាំបាច់ផងដែរ។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ មណ្ឌលសម្រាកព្យាបាល កូវីដ-១៩ និងធ្វើចត្តាឡីស័ក មានរហូតដល់ទៅ១២២ទីតាំង ក្នុងរាជធានីភ្នំពេញ។
ក្នុងនោះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយ គណៈបញ្ជាការរាជធានីភ្នំពេញ ក៏ដូចជា កម្លាំងនគរបាល ដើម្បីប្រចាំការការពារ ត្រួតពិនិត្យ និងបានរឹតត្បិត នៃការចេញចូលនៅក្នុងតំបន់ ឬទីតាំង ដែលត្រូវហាមឃាត់ ដាក់ឲ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ ចំនួន៩៨ទីតាំង ដោយប្រើប្រាស់កម្លាំងចំនួន៨០៧នាក់ ចែកជាបីវេនការពារទាំងយប់ទាំងថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ ចំពោះអ្នកចង់គេចវេសមិនព្រមធ្វើចត្តាឡីស័ក ឬរត់គេចចេញពីកន្លែព្យាបាល។
ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារក៏បាននាំយកនូវ អាហារសម្រន់ និងភេសជ្ជៈ ជូនដល់កងកម្លាំង និងឆ្លៀតត្រួតពិនិត្យនូវសម្ភារ គ្រឿងបំពាក់សម្រាប់ត្រៀម អន្តរាគមន៍ចាប់បង្ខំ បុគ្គលដែលគេចវេសមិនធ្វើចត្តាឡីស័ក និងមិនព្រមអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងត្រួតពិនិត្យនូវការ ហ្វឹកហាត់យុទ្ធវិធី ដែលកម្លាំងអាវុធហត្ថរាជធានី ត្រៀមលក្ខណៈទុកជាមុននៅតាមទីតាំងឈរជើងការពារមណ្ឌលសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក ក៏ដូចជា សាលារាជធានីភ្នំពេញ ដើម្បីត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់លើឲ្យមានប្រសិទ្ធភាពខ្ពស់៕