(ភ្នំពេញ)៖ ផ្សារម៉ាក្រូសែនសុខ បានអះអាងថា ខ្លួនតែងតែយកចិត្តទុកដាក់ទៅលើសុវត្ថិភាព សុខភាពរបស់អតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងពីលោក ស៉ីន វិបុល ប្រធានផ្នែកធនធានមនុស្សរបស់ផ្សារម៉ាក្រូ ប្រាប់បណ្តាញព័ត៌មាន Fresh News ។

លោក ស៉ីន វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីធានាបាននូវសុវត្ថិភាព និងអនាម័យយើងតែងតែអនុវត្តវិធានការសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ដោយឲ្យបុគ្គលិក និងអតិថិជនទាំងអស់ ធ្វើការស្កេន QR Code ពាក់ម៉ាស និងលាងសម្អាតជាមួយសាប៊ូ ឬទឹកអាកុល មុនពេលចូលផ្សារ ឬធ្វើការ»។

នៅពេលមានអតិថិជនម្នាក់ ក្នុងចំណោមអតិថិជនជាច្រើននាក់ដែលបានទៅផ្សារម៉ាក្រសាខាសែនសុខ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺកូវីដ១៩ ផ្សារម៉ាក្រូ ក៏បានដាក់ចេញវិធានការសុវត្ថិភាពបន្ថែមទៀត ដើម្បីធានាបានលើសុវត្ថិភាព សុខភាពអតិថិជន និងបុគ្គលិក។

លោក ស៉ីន វិបុល បានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងធានាបាននូវសុខភាព និងសុវត្ថិភាពរបស់អតិថិជន និងនិយោជិករបស់យើង ដែលជាអាទិភាពចំបង យើងបានអនុវត្តវិធានការដូចខាងក្រោម៖

*ទី១៖ ជាធម្មតាយើងការពារការឆ្លងរាលដាលដល់អតិថិជន និងនិយោជិកតាមរយៈការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់តំបន់ទាំងអស់នៃផ្សារ និងឧបករណ៍ប្រើប្រាស់ទាំងអស់ ដោយអនុវត្តន៍តាមស្តង់ដារសុខភាពអន្តរជាតិ ជារៀងរាល់សប្តាហ៍ និងយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

*ទី២៖ យើងបានកំណត់ និងបំបែកនិយោជិកដែលធ្វើការទាក់ទង និងបាននិយាយជាមួយអតិថិជនកាលពីថ្ងៃនោះ ហើយបានណែនាំឱ្យឈប់ធ្វើការរយៈពេល ១៤ថ្ងៃ ក្នុងកំឡុងពេលដែលពួកគេត្រូវបានធ្វើការតាមដានរោគសញ្ញា ដើម្បីប្រាកដថាពួកគេទាំងអស់មានសុវត្ថិភាព និងមិនឆ្លងមេរោគនោះ។

*ទី៣៖ ក្រុមបុគ្គលិកថ្មីត្រូវបានរៀបចំដើម្បីជំនួសបុគ្គលិក ដែលបានផ្អាកក្នុងអំឡុងពេលធ្វើការតាមដានរោគសញ្ញា ដើម្បីធានាបានថាសេវាកម្មរបស់យើងអាចបន្តដោយគ្មានការរំខាន បន្ទាប់ពីការធ្វើការសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគយ៉ាងហ្មត់ចត់។

តាមការបញ្ជាក់ពីប្រធានផ្នែកធនធានមនុស្ស របស់ផ្សារម៉ាក្រូ បានឲ្យដឹងបន្តថា «យើងសូមធានាដល់អតិថិជនរបស់យើងថា យើងនឹងបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារការចម្លងជំងឺតាមរយៈការពាក់ម៉ាស លាងសម្អាតដៃ ជាមួយអាកុល និង ការវាស់សីតុណ្ហភាព របស់អតិថិជន និយោជិក និងដៃគូអាជីវកម្មដែលបានអញ្ជើញមកផ្សាររបស់យើង។ មុនពេលចូលផ្សារសាខាណាមួយរបស់យើង គ្រប់គ្នាត្រូវឆ្លងកាត់ការត្រួតពិនិត្យសីតុណ្ហភាព។ រាល់វត្ថុ និងផ្ទៃដែលប៉ះជាញឹកញាប់ត្រូវបានគេលាងសម្អាតរៀងរាល់ម៉ោង»

«លើសពីនេះទៀតនិយោជិកទាំងអស់ ត្រូវបានស្នើសុំឱ្យពាក់ម៉ាសគ្រប់ពេលវេលានៅពេលបំពេញភារកិច្ច នៅក្នុងផ្សាររបស់យើង។ អតិថិជនអាចធានាបានថា យើងកំពុងអនុវត្តគ្រប់វិធានការចាំបាច់ ដើម្បីការពារការរីករាលដាលនៃវីរុស កូវី-១៩ ដើម្បីសុខភាពអតិថិជន និយោជិកនិងសង្គមទូទៅ។ យើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលដោយប្រការណាមួយ ហើយសូមអរគុណចំពោះការគាំទ្រ និងសហប្រតិបត្តិការជាបន្តរបស់លោកអ្នក»។ នេះជាការបញ្ជាក់បន្ថែម ពីលោក ស៉ីន វិបុល៕

សូមទស្សនាវីដេអូខាងក្រោម៖