(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងនូវការអំពាវនាវដល់ប្រជាពលរដ្ឋ បើមិនមានការងារអ្វីចាំបាច់នោះទេ កុំធ្វើដំណើរទៅខេត្តព្រះសីហនុ ក្នុងកាលៈទេសៈដែលខេត្តមួយនេះ កំពុងតែឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ។
ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង Astra Zeneca ជាលើកដំបូង នៅមន្ទីរពេទ្យកាល់ម៉ែត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅ ឬធ្វើការនៅខេត្តព្រះសីហនុ កុំទាន់បំផ្លាស់ទី ឬចេញពីខេត្តព្រះសីហនុ ទៅកាន់បណ្ដាខេត្តផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដទៅកាន់ខេត្តផ្សេង។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអះអាងថា មូលហេតុដែលសម្ដេចមិនជ្រើសរើសជម្រើសបិទខេត្តព្រះសីហនុ ព្រោះខេត្តនោះមានកំពង់ផែ ដែលត្រូវធ្វើចរាចរណ៍ដោះដូរទំនិញ និងសម្រាប់ធ្វើពាណិជ្ជកម្មផ្សេងៗ ដូច្នេះបើបិទអាចនឹងជួបបញ្ហាប្រឈមខ្លាំងទៅលើបញ្ហាសេដ្ឋកិច្ច សម្រាប់កម្ពុជា និងពាណិជ្ជករ។
គួរជម្រាបថា រហូតមកដល់ពេលនេះ អ្នករស់នៅខេត្តព្រះសីហនុ ដែលត្រូវបានយកទៅពិនិត្យសំណាកមានប្រមាណ ១ម៉ឺននាក់ ក្នុងនោះស្ដ្រីមានប្រមាណជាង ៤ពាន់នាក់។ ក្នុងចំណោមមនុស្សដែលបានយកទៅពិនិត្យសំណាកនេះរកឃើញថា មានជាង៨០នាក់ បានកើតជំងឹកូវីដ-១៩ ដែលភាគច្រើនបំផុតគឺជនជាតិបរទេស។
ទីតាំងដែលមានការពាក់ព័ន្ធអ្នកកើតជំងឺនេះ ចំនួន៣៣កន្លែងហើយ ត្រូវបានអាជ្ញាធរសម្រេចបិទទ្វារបណ្ដោះអាសន្ន។ សម្រាប់ខេត្តព្រះសីហនុ ដោយសារតែចំនួនអ្នកឆ្លងមានកើនឡើងខ្លាំងនោះ អភិបាលខេត្ត លោក គួច ចំរើន បានសម្រេចយកសណ្ឋាគារមួយទៅជាកន្លែងសម្រាប់ព្យាបាលតែម្ដង។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់។ ក្នុងនោះ អ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៤០២នាក់ ភាគច្រើនជាជនជាតិបរទេស៕