(ព្រះសីហនុ)៖ ព្រៃលិចទឹក និងព្រៃកោងកាងស្ថិតនៅតាមឆ្នេរសមុទ្រនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ នៅតែរងការកាប់បំផ្លាញពីសំណាក់មនុស្សមួយចំនួនតូច យកទៅធ្វើជាម្ចាស់កម្មសិទ្ធិឯកជន ទើបទោះពីជាអាជ្ញាធរ និងមន្រ្តីជំនាញបានចុះហាមឃាត់ និងទប់ស្កាត់នាពេលកន្លងទៅក៏ដោយ ។
ស ម្រាប់ករណីអាជ្ញាធរស្រុកព្រៃនប់ ធ្លាប់បានអះអាងថា បានចុះទៅពិនិត្យមើល ដើម្បីមានចំណាត់ការ ប៉ុន្តែមិនមានប្រសិទ្ធភាពនោះឡើយ។ គិតត្រឹមរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ សកម្មភាពកាប់បំផ្លាញ និងការទន្ទ្រាន រហូតយកសម្ភារសំណង់ទៅសាងសង់សំណង់រឹងនៅតំបន់នោះ បាននិងកំពុងកើតមានឡើងទៀត។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមួយចំនួន នាថ្ងៃនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការបាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាង នៅបន្តកើតមានឡើងក្នុងរយៈពេលប៉ុន្មានខែមកនេះ ហើយកន្លងទៅ ក៏គេសង្កេតឃើញមាន វត្តមានមន្រ្តីជលផលបានចុះទៅដែរ ដើម្បីទប់ស្កាត់ ប៉ុន្តែហាក់មិនទាន់មានប្រសិទ្ធភាពនោះទេ។
បើតាមប្រជាពលរដ្ឋ ការកាប់បំផ្លាញព្រៃលិចទឹក និងព្រៃកោងកាង ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ បានចាប់ផ្តើមកើងឡើងខ្លាំងក្នុងរយៈពេលថ្មីៗ ដើម្បីយកទៅធ្វើកម្មសិទ្ធិឯក ហើយជនដែលកាប់នោះបានយកដំណាំទៅដាំផ្សេងៗ បន្លំរូបភាពថា ខ្លួនជាម្ចាស់កម្មសិទ្ធិកាន់កាប់ជាក់ស្តែងលើដីទាំងនេះ។ ប្រជាពលរដ្ឋចាត់ទុកថា សកម្មភាពទាំងនេះ បើគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្ត និងមន្រ្តីជំនញ ឲ្យមានប្រសិទ្ធភាពនោះទេ ទ្រព្យសម្បត្តិរបស់រដ្ឋ នឹងរងការបំផ្លាញកាន់តែខ្លាំងឡើងជាក់ជាមិនខានឡើយ។
ជាមួយគ្នានេះកាលពីពេលកន្លងទៅឈ្មោះ ឡាវ ម៉េងឃាង មានទីលំនៅនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាបុគ្គលម្នាក់ដែលត្រូវបានគេប្តឹងពីបទ កាប់ឆ្ការព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាងទំហំ ៤,៥ ហិកតា។
តាមពាក្យបន្តឹងប្រជាពលរដ្ឋ កាលពីអំលុងឆ្នាំ២០១៧ ពួកគាត់បានទិញដីជាដីស្របច្បាប់មានបណ្ណ័សំគាល់សិទ្ធិត្រឹមត្រូវក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយបានរកគេមកធ្វើផ្លូវ លើកទំនប់ដើម្បីខជាផ្លូវសំគាល់ដីរដ្ឋឆ្នេរដី មានព្រៃកោងកាង ដែលជាតំបន់ការពាររបស់រដ្ឋបាលជលផល និងជាប់ដីដែលខ្ញុំទិញឲ្យគេ។ អ្នកដែលទទួលចុះកិច្ចសន្យាធ្វើព្រំដីនេះគឺឈ្មោះ ឡាវ ម៉េងឃាង ភេទប្រុស អាយុ៤៦ឆ្នាំ។
នៅពេលដែលមិនទាន់ធ្វើព្រំដីរួចផងក៏ឈ្មោះ ឡាវ ម៉េងឈាង បែរជាឈូសឆាយឆ្នេរដីព្រៃកោងកាង ដែលស្ថិតនៅពីមុខដីរបស់ពួកគាត់ដោយលើកជាទំនប់ កាយជាប្រឡាយ ដាំដើមឈើហូបផ្លែស្លេកស្កះទៅវិញ នៅពេលដែលយើងខ្ញុំសួរនាំគាត់ថាជាដីរដ្ឋ គ្មានទាក់ទងនិងយើងខ្ញុំទេ តែទង្វើនេះបានធ្វើអោយខូចខាតស្ថានភាពសោភណ្ឌ័ ដី និងជាពិសេសជាទង្វើរបំផ្លិចបំផ្លាញឆ្នេរ និងព្រៃកោងកាង ដែលការពារដោយរដ្ឋបាលជលផល។
ជាងនេះទៅទៀតបុគ្គលឈ្មោះ ឡាវ ម៉េងឃាង បានទាមទារឲ្យពួកគាត់ទិញដីឡើង ប្រសិនបើមិនចង់ឲ្យគាត់ធ្វើបន្តទៀតមកក្នុងតំលៃ ១០ម៉ឺនដុល្លារ ហើយ ឡាវ ម៉េងឃាង បានដឹងយ៉ាងច្បាស់ជាដីព្រៃកោងកាង ការពាររបស់រដ្ឋបាលជលទៀតផង ដោយគាត់អះអាងថា គឺលក់ដូរដីរដ្ឋចឹង។
យ៉ាងណាក៏ដោយរហូតមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីលោក ឡាវ ម៉េងឃាង បានទេចំពោះការលើកឡើង និងពាក្យបណ្តឹងខាងលើនេះ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក៏មានគេប្តឹងទៅថ្នាក់លើផងដែរ ពីសកម្មភាពឈូសឆាយឆ្នេរដីព្រៃកោងកាង និងព្រៃលិចទឹក ហើយបើទោះមានមន្រ្តីជំនាញជលផលចុះមកហាមឃាត់ និងទប់ស្កាត់ តែសកម្មភាពទាំងនេះ នៅតែបន្តកើតឡើងថែមទៀត និងបានទាំងដាក់ដីទាំងនេះលក់ឲ្យឯកជនទៀតផងដោយមិនមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ៕