(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងក្រុមហ៊ុនវើលប្រ៊ីដគ្រុប (World Bridge Group) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដ គ្រុប។
គោលបំណងនៃការចុះអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល យុវជន និងការផ្តល់ឱកាសការងារនេះ គឺដើម្បីអនុញ្ញាតឲ្យស្ថាប័នទាំងពីរ សហការគ្នា ក្នុងការផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញនានាដល់យុវជន ដើម្បីឈានឆ្ពោះទៅកាន់អាជីពការងារ ជាក់លាក់មួយ។
ទន្ទឹមនេះ ដោយយល់ឃើញពីតួនាទី និងការចូលរួមដ៏សំខាន់របស់យុវជន ក្នុងការជំរុញការអភិវឌ្ឍសង្គមជាតិ ការចុះអនុស្សរណៈយោគយល់នេះទៀតសោត នឹងផ្ដល់ជាវេទិកាចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងល្អៗ ដើម្បីជាការបំផុសគំនិតដល់យុវជនក្នុងការអភិវឌ្ឍខ្លួន និងជាជំនួយស្មារតីសម្រាប់ការត្រៀមខ្លួន ក្នុងការអនុវត្តការងារជាក់ស្ដែង។
សូមជម្រាបជូនដែរថា ដោយឈរលើទស្សនៈថា «យុវជន គឺជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលនេះ និងទៅអនាគត» សហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងបំពេញការងារយ៉ាងសកម្មលើកិច្ចការលើកកម្ពស់សមត្ថភាពយុវជន និងអភិវឌ្ឍធនធានមនុស្ស ដោយសម្រេចបាននូវការងារជាអាទិ៍ រួមមាន៖
*ទី១៖ ការផ្តល់ឱកាសឲ្យយុវជនអាចចូលរួមក្នុងសកម្មភាពសង្គម
*ទី២៖ ការបង្កើតជាវេទិកា និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដែលផ្ដល់ជាប្រយោជន៍ជូនដល់យុវជនដើម្បីអភិវឌ្ឍសមត្ថភាព ទាំងផ្នែកកាយសម្បទា ចំណេះដឹង និងស្មារតី
*ទី៣៖ ការរៀបចំវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២
*ទី៤៖ ការចូលរួមជាមួយរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធអប់រំ ដោយផ្តោតលើការងារសង្កេតការណ៍ប្រឡងមធ្យមសិក្សាទុតិយភូមិ។
ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលយុវជន និងការផ្តល់ឱកាសការងារ ស.ស.យ.ក. បានយកចិត្តទុកដាក់ក្នុងការគៀរគរ និងស្វែងរកកម្មវិធីអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស សម្រាប់ផ្តល់ជូនដល់យុវជនជាសិស្សានុសិស្ស និងនិស្សិត ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។
ដោយឡែក សម្រាប់ក្រុមហ៊ុនវើលប្រ៊ីដគ្រុប គឺជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើវិស័យដែលមានសក្តានុពល ដូចជាវិស័យដឹកជញ្ជូន សំណង់ អចលនទ្រព្យ ហិរញ្ញវត្ថុ ចំណីអាហារ និងភេសជ្ជៈ សេវាបញ្ចាំ សេវា Outsourcing និង e-commerce។
កន្លងមក ក្រុមហ៊ុនវើលប្រ៊ីដគ្រុប ធ្លាប់បានបើកឱកាសដល់យុវជន យុវនារី ឲ្យចូលរួមក្នុងកម្មវិធីហ្វឹកហាត់ការងារពិសេសមួយ (Management Trainee Program) ដែលមានរយៈពេល២ឆ្នាំ សម្រាប់សិក្ខាកាមអភិវឌ្ឍ ចំណេះដឹង ជំនាញរបស់ខ្លួនតាមរយៈការហ្វឹកហាត់ការងារពេញម៉ោងរយៈពេល២ឆ្នាំ ដើម្បីក្លាយជាអនាគតអ្នកដឹកនាំ។
តាមរយៈកិច្ចសហការរវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវើលប្រ៊ីដគ្រុបនេះ មិនត្រឹមតែបានផ្ដល់ឱកាសដល់យុវជនកម្ពុជា ក្នុងការស្វែងរកបទពិសោធន៍ការងារផ្សេងៗនោះទេ ប៉ុន្តែក៏នឹងជំរុញដល់ការទំនាក់ទំនងរវាងស្ថាប័នទាំងពីរឲ្យកាន់តែមានភាពស្អិតរមួត និងរឹងមាំផងដែរ៕