(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កម្ពុជាអាចនឹងមានលទ្ធភាព ក្នុងការទទួលបានជំនួយវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន លើសពី១លានដូស ក្នុងផែនការដែលរាជរដ្ឋាភិបាលចិនគ្រោងផ្ដល់ជូន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បច្ចុប្បន្ន រាជរដ្ឋាភិបាលចិន កំពុងតែធ្វើការរៀបចំ ផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម បង្ការជំងឺកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀត ជូនដល់កម្ពុជា ហើយវ៉ាក់សាំងនេះ អាចនឹងមកដល់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ការឲ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាស ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (AstraZeneca) ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា មកដល់ពេលនេះ យើងបានទទួលវ៉ាក់សាំង មកពីប្រទេសចិន ស៊ីណូហ្វាម មាន៦០ម៉ឺនដូស [...] តាមព័ត៌មាន ដែលយើងបានទទួល គឺនៅមុនចូលឆ្នាំខ្មែរនេះ នឹងមក៤០ម៉ឺនដូសទៀត គ្រប់១លានដូស [...] អាចនឹងមានលទ្ធភាព បានលើសពីនេះ»

ការអះអាងបែបនេះ ដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែសម្ដេច បានជួបជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពេលដែលដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាពេលថ្មីៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ជាមួយនឹងការរៀបចំ៤០ម៉ឺនដូស មាននៅក្នុងដៃរួចហើយនោះ (រាជរដ្ឋាភិបាលចិន) កំពុងតែរៀបចំបន្ថែមទៀត ដូច្នេះ ប្រហែលជាមានលទ្ធភាព អាចបានលើសពីនោះ (១លានដូស)»

គូសបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន ប្រមាណ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ វ៉ាក់សាំងនេះ បានចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកផ្តល់សេវា ចាំបាច់មួយចំនួន។

បើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ធ្លាប់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ជាវ៉ាក់សាំងមួយ ដែលមានកម្រិតប្រសិទ្ធភាព រហូតដល់ទៅ ៧៩.៣៤ភាគរយ៕