(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក ក្នុងនោះយប់៨លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រីម្នាក់) រងរបួសធ្ងន់៨នាក់ (ស្រី២នាក់) និងរបួសស្រាល៥នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៣គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង រថយន្តធុនធំចំនួន៣គ្រឿង និងគោយន្តកន្ត្រៃ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់៣លើក និងមិនប្រកាន់ស្តាំ៣លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១២នាក់ (យប់៥នាក់)។
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៧៥២៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣៣៩៩គ្រឿង ពិន័យសរុប ៤១២៦គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព ១៩០៣នាក់ ៕