(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា អ្នកដែលប្រព្រឹត្តខុសរឿងបំពានបំរាមកូវីដ-១៩ ពិសេសមន្ដ្រីរាជការ ប្រសិនបើរឿងនេះដឹងដល់សម្ដេចហើយនោះ មិនទម្លាក់ស័ក្ដិធម្មតានោះទេ គឺបកស័ក្ដិចោលតែម្ដង។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅមន្ទីរពេទ្យកាល់ម៉ែត បានគូសបញ្ជាក់ថា នាយនគរបាលម្នាក់ហើយ ត្រូវបានបកស័ក្ដិចោល និងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយប្រព្រឹត្តខុសនឹងច្បាប់ ពាក់ព័ន្ធការដោះលែងមេខ្យល់ជួញដូរមនុស្សខុសច្បាប់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកប្រព្រឹត្តខុសរឿងបំពានបម្រាមកូវីដ១៩ បើមកដល់ខ្ញុំហើយ មិនទម្លាក់ស័ក្តិទេ គឺបកស័ក្តិតែម្តង»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងៗទៀត គឺដើម្បីដាក់ទណ្ឌកម្មអ្នកដែលបំពានបំរាម ក្នុងពែលអំឡុងរីករាលដាលជំងឺនេះ ដោយសារអនុក្រឹត្យចាស់កន្លងទៅដែលមានច្បាប់ មិនមានដាក់ទណ្ឌកម្មនោះទេ ពោលមានត្រឹមផាកពិន័យប៉ុណ្ណោះ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ បានចេញផ្សព្វផ្សាយពីការកែសម្រួលអនុក្រឹត្យនេះ ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើចត្តាឡីស័ក។ ជាពិសេសចាត់វិធានការចំពោះអ្នកដែលមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ អនុក្រឹត្យនេះ បានសម្រេចបង្កើនកម្រិតការផាកពិន័យធ្ងន់ធ្ងរជាងមុនសម្រាប់ជនគេចវេះ និងជនឃុបឃិតក្នុងការគេចវេះពីការធ្វើចត្តាឡីស័ក។
ការកែសម្រួលបង្កើនកម្រិតប្រាក់ពិន័យធ្ងន់ធ្ងរ ចំពោះអ្នកមិនចូលរួមធ្វើចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានរកឃើញថា មានពលករមួយចំនួន ដែលត្រឡប់មកពីប្រទេសថៃ បានគេចវេះមិនធ្វើចត្តាឡីស័កនៅព្រំដែន។ ករណីបែបនេះ បាននាំទៅដល់ការដកតំណែងអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង និងផ្ដន្ទាទោសតាមច្បាប់ផងដែរ៕