(ភ្នំពេញ)៖ ក្រោយចាក់វ៉ាក់សាំង AstraZeneca/SII ជាលើកដំបូង នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានជាង២ម៉ោង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សម្តេចមិនមានឈឺនៅកន្លែងណានោះទេ ហើយដូចអត់ដឹងថាបានចាក់ថ្នាំផងទេ ព្រោះវាអត់មានឈឺអីនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំដូចអត់ដឹងថា បានចាក់ថ្នាំផងទេ ព្រោះវាអត់មានឈឺអីផង ហើយចាក់ទៅនេះគឺ បើប្រៀបធៀបជាមួយយើង ចាក់វីតាមីន ចាក់អី អានេះចាក់មួយភ្លែត អត់ទាំងដឹងអាម្ជុល ចូលទៅផងរួចថារួចបាត់ហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា ភាគច្រើនគេចាក់វ៉ាក់សាំងដៃស្តាំ តែសម្តេចចាក់វ៉ាក់សាំងដៃឆ្វេង ដោយមូលហេតុបម្រុងទុក បើសិនជាមានការឈឺដៃឆ្វេង គឺសម្តេចមានដៃស្តាំដើម្បីទុកចុះហត្ថលេខារាល់ថ្ងៃ និងត្រូវពិនិត្យឯកសារ ព្រោះបើសិនជាឯកសារទាំងអស់មិនត្រូវបានអនុម័តនោះទេ គឺបានសេចក្តីថា កិច្ចការរបស់ជាតិត្រូវបានរាំងស្ទះហើយ។
សម្តេចតេជោ បានបន្ថែមថា បន្ទាប់ពីបានចាក់រហូតបានជាង ២ម៉ោង សម្តេចមិនមានឈឺនៅកន្លែងណានោះទេ។ សម្តេចបញ្ជាក់ថា ក្មេងតូចៗក៏ចេះទទួលវ៉ាក់សាំងដែរ តាមការកំណត់របស់ក្រសួងសុខាភិបាល ដែលត្រូវចាក់ពេលណានោះ ហើយវ៉ាក់សាំងត្រូវបានទទួលរហូត ចុះទម្រាំយើងមនុស្សចាស់វ៉ាក់សាំងប៉ុណ្ណឹងទទួលមិនកើត ចាំបាច់ទៅខ្លាចវ៉ាក់សាំងនឹង។
សូមរំលឹកថា វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះគឺជាវ៉ាក់សាំង ជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
គិតមកដល់ត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់លើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ ១២៥,៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ បានចំនួន ៧៦៨៦នាក់៕