(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលបានបង្ហោះលើគណនីហ្វេកប៊ុកមួយចំនួន ទាក់ទងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរក្រុងព្រះវិហារ ចំពោះសំណង់ខុសច្បាប់ នៅលើដីដែលមានទីតាំងស្ថិតនៅភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុង-ព្រះវិហារ ខេត្តព្រះវិហារ (ស្ថិតនៅខាងត្បូងផ្សារកំពង់ប្រណាក)។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ជូនថា ក្រោយពីមានការអនុវត្តសាលដីការបស់តុលាការកំពូលលេខ១១៥ «ទ» ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ រួចរាល់ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដាក់ពាក្យបណ្ដឹងជាថ្មី ទាមទារដីដែលមានទីតាំងខាងលើមកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្តវិញ ហើយត្រូវបានសាលាដំបូងខេត្តព្រះវិហារ ដំណើរការអង្គសេចក្ដី ដោយបានធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលរួចរាល់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។
ដោយសារដីខាងលើកំពុងស្ថិតក្នុងដំណើរការនីតិវិធី នៃសំណុំរឿងរដ្ឋប្បវេណីលេខ៦៣ ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តព្រះវិហារ ដូច្នេះមានន័យថា ដីខាងលើ គឺមិនទាន់ក្លាយជាកម្មសិទ្ធិរបស់ឈ្មោះ សំ លាងនី ឬរដ្ឋបាលខេត្តនៅឡើយទេ គឺត្រូវរង់ចាំសេចក្ដីសម្រេចជាស្ថាពរពីស្ថាប័នតុលាការសិន។
សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារដូចខាងក្រោម៖