(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោក អ៊ឹម ចិត្រា មេបបញ្ជាការអាវុធហត្ថស្រុកចិត្របុរី សហកាជាមួយផ្នែករដ្ឋបាលព្រៃឈើក្រចេះ នៅទៀបភ្លឺថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១នេះ បានចុះបង្រ្កាប បានរថយន្ដសាំងយ៉ុងដឹកឈើប្រណិតចំនួន២គ្រឿង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅលើផ្លូវជាតិលេខ៧ ចំនុចភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ឹម ចិត្រា បានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមមការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោក ក៏បានដឹកនាំ កម្លាំងចុះល្បាតតាមផ្លូវ និងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើក៏បានប្រទះឃើញរថយន្ដដឹកឈើទាំងពីរគ្រឿងនោះក៏បានធ្វើការបង្រ្កាបតែម្ដង។
លោកមេបញ្ជាការស្រុករូបនោះបញ្ជាក់ទៀតថា ការបង្រ្កាបរថយន្ដដឹកឈើទាំងពីរគ្រឿងនោះ ដោយមិនបានស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្ដ ឬម្ចាស់ឈើនោះទេ ព្រោះពេលកម្លាំងឃាត់រថយន្ដបាន អ្នកបើកបរបានបើកទ្វារត់គេចខ្លួនបាត់តែម្ដង។
លោក ជ្រុន សៅ នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះបានឲ្យដឹងថា រថយន្ដទាំង២គ្រឿងនោះផ្ទុកឈើប្រភេទឈើប្រណិត មានឈើធ្នង់ តាត្រាវ សុក្រំ ហើយបច្ចប្បន្ន កម្លាំងសមត្ថកិច្ចកំពុងនាំយកទៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕