(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ (CNRP) បានប្រកាសថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំសន្និបាត ក្រុមប្រឹក្សាជាតិរបស់ខ្លួន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ដោយមានសមាជិកចូលរួម ប្រមាណ១ពាន់នាក់។
ថ្លែងទៅកាន់អ្នកគាំទ្រ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក កឹម សុខា បានលើកឡើងថា សន្និបាតក្រុមប្រឹក្សាជាតិនេះ នឹងកំណត់គោលនយោបាយ សម្រាប់ការរៀបចំបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ហើយថាសន្និបាតនេះធ្វើឡើងរៀងរាល់២ឆ្នាំម្តាង ដោយកំណត់ ពិនិត្យការអនុវត្តគោលនយោបាយកន្លងមក កែប្រែគោលសម្រួល គោលនយោបាយគណបក្សប៉ុណ្ណោះ មិនមានការរៀបចំរចនាសម្ព័ន្ធដូចសមាជនោះទេ។
បើតាមលោក កឹម សុខា, គណបក្សសង្រ្គោះជាតិ នឹងរៀបចំសមាជជាងលើកទី២ របស់ខ្លួននៅឆ្នាំ២០១៧ នៅមុនការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ពោលគឺបន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់រួចរាល់។ លោកថាសមាជលើកទី២នេះ នឹងមានការ រៀបចំកែសម្រួលរចនាសម្ព័ន្ធ របស់គណបក្សសង្រ្គោះជាតិ។
សូមជំរាបថា គណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតឡើងដោយមានការរួមគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ២០១២ ពោលគឺមុនពេលបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ក្នុងនោះគណបក្សនេះក៏បានធ្វើសមាជ លើកដំបូងរបស់ខ្លួនរួចហើយដែរ៕