(នេប៉ាល់)៖ រដ្ឋាភិបាលនេប៉ាល់ បានបង្កើតគណកម្មការមួយ ដែលមានសមាជិកបួននាក់ ដើម្បីធ្វើការស៊ើបអង្កេតយ៉ាងលម្អិត ទៅលើករណីធ្លាក់យន្តហោះ ពេលព្យាយាមចុះចតរបស់ក្រុមហ៊ុន Air Kasthamandap នៅក្នុងស្រុកកាលីកូត (Kalikot) ភាគខាងលិចប្រទេសនេប៉ាល់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។
គណកម្មការថ្មីនេះដែរ គឺស្ថិតក្រោមការដឹកនាំរបស់លោក យ៉ាកយ៉ា ប្រាសាដ ហ្គូតាំ (Yagya Prasad Gautam) អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌នេប៉ាល់។ គួរបញ្ជាក់ថា យន្តហោះខ្នាតតូចដែលមានលេខសម្គាល់ 9N-AJB បានធ្លាក់អូសនឹងព្រលាន នៅរសៀលថ្ងៃសុក្រម្សិលមិញ ដែលបានបណ្តាលឲ្យពីឡុតពីររូប រងរបួសធ្ងន់រហូតដល់បាត់បង់ជីវិត និងអ្នកដំណើរ ៨នាក់ទៀតរងរបួសស្រាល។
ករណីដដែលនេះ បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះខ្នាតតូចដូចគ្នា តែផ្ទុកមនុស្សរហូតដល់ ២៣នាក់ បានធ្លាក់នៅភាគខាងលិចប្រទេស បានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់បាត់បង់ជីវិត៕