(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងឲ្យដឹងថា ពួកសត្រូវបរទេសកំពុងតែ ត្រៀមខ្លួនរួចជាស្រេចក្នុងការ វាយប្រហារមកលើប្រទេសរុស្ស៊ី នៅក្នុងអំឡុងពេលបោះឆ្នោតសភា នាខែកញ្ញាខាងមុខ ដូច្នេះហើយលោកបញ្ជាឲ្យកងកម្លាំងរក្សាសន្ដិសុខ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីការពារពីជ្រៀតជ្រែកពីខាងក្រៅ ដែលនាំឲ្យមានចលាចល នៅក្នុងការបោះឆ្នោត នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ។
«ខ្ញុំបានអាននូវរបាយការណ៍ការរបស់ក្រុមស៊ើបការសម្ងាត់ ដោយនៅក្នុងនោះបានបញ្ជាក់ថាបច្ចាមិត្ត បានត្រៀមខ្លួនក្នុងការ វាយប្រហាររុស្ស៊ី នៅក្នុងអំឡុងពេលបោះឆ្នោតសភា។ នេះជាសារដ៏សំខាន់ ដែលខ្ញុំសូមបញ្ជាដល់សហព័ន្ធសេវាសន្ដិសុខ ឲ្យពង្រឹងនូវសេវាការពារជាតិ»។ នេះជាសំដីរបស់លោក Putin បានថ្លែងនៅថ្ងៃសុក្រម្សិលមិញនេះ នៅក្នុងកិច្ចប្រជុំកំពូលមួយជាមួយនឹងសហព័ន្ធសេវាសន្ដិសុខ (FSB)។
នៅក្នុងសារព្រមានទៅកាន់សហព័ន្ធសេវាសន្ដិសុខ ប្រធានាធិបតីរុស្ស៊ីរូបនេះ មិនបានបញ្ជាក់ថា សត្រូវនោះ ជាក្រុមណាមួយឡើយ គ្រាន់តែបានបញ្ជាក់ឲ្យកងកម្លាំងត្រៀមខ្លួនដើម្បីពារការ៕