(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០២ និងទី០៣ ខែមីនា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-Business Advisory Council Consultation) និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៧ (27th AEM Retreat) ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីប្រទេសសមាជិកអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ានផងដែរ។ យោងតាមការជូនព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានអំពីអាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ ក្រោមប្រធានបទ «Recover. Stronger. Together»។
ជាមួយនោះ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានលើកឡើងពីគំនិតផ្ដួចផ្ដើមចំនួនពីរ ដែលនឹងរៀបចំអនុវត្តនៅក្នុងឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេគឺ ASEAN Business Awards 2021 និង ASEAN Business and Investment Summit 2021។
ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានជម្រាបជូនអំពីវិស័យសេដ្ឋកិច្ចជាអាទិភាពសម្រាប់អាស៊ាន (PED) របស់ប្រ៊ុយណេ រួមមាន សុខាភិបាល ការបង្កើតការងារ និងបង្កើនសមត្ថភាពការងារអាស៊ាន សហគ្រាសម៉ាក្រូ ខ្នាតតូច និងមធ្យម ការសម្របសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ឌីជីថល និរន្តរភាព ព្រមទាំងសមាហរណកម្មទីផ្សារមូលធនអាស៊ាននិងសេវាកម្មហិរញ្ញវត្ថុជាដើម។
ដោយឡែកកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៧វិញ កិច្ចប្រជុំបានធ្វើការផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិក្នុងការស្តារឡើងវិញក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការចែករំលែកនូវព័ត៌មាន ការដាក់ចេញនូវវិធានការអនុវត្ត និងបទពិសោធន៍ស្តីពីកិច្ចប្រឹប្រែង ក្នុងការស្តារឡើងវិញក្រោយពីការរាតត្បាតកូវីដ-១៩។
ជាមួយគ្នានេះ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានអនុម័តលើវិស័យសេដ្ឋកិច្ចជាអាទិភាពសម្រាប់អាស៊ាន(PED) ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ ២០២១ និងបានធ្វើការកត់សំគាល់អំពីវិស័យជាអាទិភាពប្រចាំឆ្នាំនៃអង្គភាពតាមវិស័យនីមួយៗ។
អង្គប្រជុំបានពិភាក្សា និងផ្តល់ការណែនាំស្តីពីបែបបទសម្រាប់បទប្បញ្ញត្តិចូលជាធរមាននាពេលអនាគត នៅក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន ក្រៅពីការផ្តល់សច្ចាប័នដោយសមាជិកអាស៊ានទាំងអស់។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ បានបញ្ជាក់ពីដំណើរការ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងផ្តល់ការណែនាំឲ្យពន្លឿននីតិវិធីដំណើរការនៃការរៀបចំកិច្ចព្រមព្រៀងនេះ សម្រាប់ការចូលជាធរមានឲ្យបានឆាប់។
អង្គប្រជុំបានកត់សម្គាល់អំពីស្ថានភាពការងារដែលកំពុងត្រូវបានអនុវត្តនៅលើក្របខ័ណ្ឌនៃការបង្កើតប៉ារ៉ាម៉ែត្រសម្រាប់ការចរចារកិច្ចព្រមព្រៀងអាស៊ាន-អឺរ៉ុប នាពេលអនាគត ព្រមទាំងបានផ្តល់នូវការណែនាំដល់ក្រុមការងារតាមវិស័យ ដើម្បីជំរុញដំណើរការទៅមុខដោយបន្តរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ក្នុងការកំណត់និងបង្កើតប៉ារ៉ាម៉ែត្ររួមសម្រាប់កិច្ចព្រមព្រៀង អាស៊ាន-អឺរ៉ុប។
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានស្វាគមន៍ ចំពោះក្របខណ្ឌនៃការស្តាសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងផែនការអនុវត្តនៃក្របខណ្ឌនេះ ព្រមទាំងបានណែនាំអោយក្រុមការងារតាមវិស័យ ចូលរួមចំណែកក្នុងការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់៕