(ភ្នំពេញ)៖ ក្រោយពីទទួលបាននូវម៉ាស, ទឹកសម្លាប់មេរោគ និងម៉ាស៊ីនវាស់កំដៅជាច្រើនគ្រឿង ពីក្រុមហ៊ុនឯកជនភ្លាម អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបែងចែកបន្តទៅតាមផ្សាររដ្ឋទាំង២៥ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី។
ពិធីប្រគល់ខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ដែលអំណោយទាំងអស់នោះ រួមមាន៖ ម៉ាសចំនួន១០ម៉ឺនម៉ាស និងទឹកសម្លាប់មេរោគចំនួន២,២៥០ដបតូច។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន អ អេស អិល និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
នៅរសៀលថ្ងៃដដែលនោះដែរ លោក ឃួង ស្រេង ក៏បានប្រគល់ម៉ាស៊ីនវាស់កំដៅ និងបាញ់អាកុលជូនទៅផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅ និងបាញ់អាកុល ចំនួន២គ្រឿង និងបដាអប់រំចំនួន៤ផ្ទាំង ដែលម៉ាស៊ីនវាស់កម្ដៅ និងបាញ់អាកុល ជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានមកពីការជួយឧបត្ថមពីក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ដែលបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ៕