(ភ្នំពេញ)៖ លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអន្តរជាតិ KW Sam Sn Realty បានលើកឡើងថា តំបន់អរិយក្សត្រ និងល្វាឯង រួមទាំងតំបន់នៅជាប់ ឬជាយភូមិសាស្ដ្រទាំងពីរនេះ គឺជាតំបន់មួយដ៏ល្អ ដែលស្ថិតនៅជិតនឹងរាជធានីភ្នំពេញ តែតម្លៃដីធ្លី នៅធូរថ្លៃនៅឡើយ ដែលជាកត្តានាំឲ្យអ្នកវិនិយោគអាចមានឱកាសវិនិយោគដីធ្លីទុកចំណេញបានខ្ពស់ ។

លោកបន្ដថា អរីយក្សត្រ ល្វាឯង និងតំបន់នៅជាប់ភូមិសាស្ដ្រទាំងពីរ នឹងក្លាយជាតំបន់មួយ ដូចតំបន់ជ្រោយចង្វារ ដែលតំបន់ខ្លះ នៃតំបន់ជ្រោយចង្វារមានតម្លៃរហូតដល់ទៅ $3,000/m2 ។ លោកថា តម្លៃដីតាមបណ្តោយផ្លូវជាតិលេខ៣៨០ ដែលជាផ្លូវមេមានតម្លៃពី $700/m2 ទៅ $1,000/m2 ហើយបើចុះពីផ្លូវជាតិលេខ ៣៨០ មួយគីឡូម៉ែត្រទៅ ៤គីឡូម៉ែត្រតម្លៃចាប់ពី $130/m2 ទៅ $400/m2 និងចម្ងាយពីផ្លូវជាតិលេខ២៨០ ពី ៤គីឡូម៉ែត្រដល់ ៨គីឡូម៉ែត្រ តម្លៃចាប់ពី $80/m2 ទៅ $120/m2 និងចម្ងាយពី ៨ គីឡូតិ៍ទៅ ២០គីឡូម៉ែត្រ តម្លៃចាប់ពី $25/m2 ទៅ $80/m2 ។

ប៉ុន្ដែបើប្រៀបធៀបនឹងតំបន់ជ្រោយចង្វារវិញ ចម្ងាយមិនខុសគ្នាទេពីកណ្តាលក្រុងភ្នំពេញ តែតម្លៃដី គឺពិតជាខុសគ្នាខ្លាំងណាស់ ។ លោក សុខនឿន ដែលជាអ្នកជំនាញបានពន្យល់ថា ជ្រាយចង្វារ និងអរិយក្សត្រ ឬល្វាឯម គឺខុសគ្នាត្រង់ថា ជ្រោយចង្វារមានស្ពានឆ្លង រីឯអរិយក្សត្រ និងល្វាឯង មិនទាន់មានស្ពានឆ្លងតែប៉ុណ្ណោះ ។

អ្នកជំនាញវ័យក្មេងរូបនេះ បានបញ្ជាក់ថា «ខ្ញុំបានសម្លឹងឃើញថា តំបន់អរិយក្សត្រ និងល្វាឯម ឬតំបន់ជាប់នឹងល្វាឯង ឬអរិយក្សត្រ នឹងក្លាយជាក្រុងរណបសម្រាប់ការរស់នៅថ្មីមួយទៀតក្នុងពេលឆាប់ៗ ព្រោះថា ទី១. បើនៅពេលខាងមុនមានស្ពានឆ្លង នោះតំបន់នេះងាយស្រួលចេញចូលមកកណ្តាលក្រុងភ្នំពេញ ទី២. បើមើលតាមភូមិសាស្ត្រ ល្វាឯម និងតំបន់ជាប់ល្វាឯម ពិតជាជិតទៅនឹងប្រលានយន្តហោះអន្តរជាតិភ្នំពេញណាស់»

«ទី៣. ប្រសិនបើរាជរដ្ឋាភិបាលបង្កើតផ្លូវថ្មី១ តភ្ជាប់ពីមហាវិថីឈ្នះឈ្នះ កាត់តាមតំបន់ល្វាឯម និងតំបន់ជាប់ល្វាឯម ឆ្ពោះទៅប្រលានយន្តហោះថ្មី នោះតំបន់នេះនឹងក្លាយជាតំបន់ផ្នែកខាងកើត នៃរាជធានីភ្នំពេញត្រូវឆ្លងកាត់ឆ្ពោះទៅប្រលានយន្តហោះ គ្រាដែលផ្នែកខាងកើតរាជធានីភ្នំពេញ មិនចាប់បាច់ឆ្លងកាត់តាមក្រុងភ្នំពេញ ដែលនាំឲ្យចំណាយពេលយូរ និងស្ទះចរាចរថែមទៀតផង»

អាស្រ័យហេតុនេះ ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន KW Sam Sn Realty ខាងលើ បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អរីក្សត្រ ល្វាឯម និងតំបន់នៅជាប់ ឬនៅជាយតំបន់ទាំងពីរ គឺជាតំបន់ដ៏មានសក្ដានុពលថ្មីមួយទៀត សម្រាប់អ្នកវិនិយោគអចលនវត្ថុគ្រប់ប្រភេទ ទាំងតូចទាំងធំ មិនគួរមើលរំលងក្នុងការវិនិយោគនោះឡើយ៕