(ភ្នំពេញ)៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែភេទ និងប្រើប្រាស់ឱសថក្លែងក្លាយ ពីរកន្លែង ដែលជ្រកក្រោមផ្លាកកែសម្ផស្ស។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពី លោក មុត តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះ ទី១៖ឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង និងទី២៖ ឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រកាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានបញ្ជាក់ថា ការចុះឆែកឆេរនៅទីតាំងលួចកែភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើន មកពីក្រៅប្រទេស ហើយបានលួចកែភេទបុរសទៅស្រ្តី ពីស្រ្តីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរ។
ក្រោយចុះប្រតិបត្តិការ អាជ្ញាធរបានធ្វើការឃាត់ខ្លួន និងសួរចំលើយនូវម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលជាខ្មែរ និងជនជាតិវៀតណាមមួយចំនួនផងដែរ ហើយអ្នកជាប់ពាក់ព័ន្ធ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់។
គួរជម្រាបថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺមន្រ្តីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារវះកាត់ រួមទាំងអាវៈយវៈភេទបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួន។ ដោយឡែក សម្ភារៈដែលរឹបអូសបាននេះ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត៕