(ភ្នំពេញ)៖ «ទីណា មានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខជាលើកទី៣ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ៥លានរៀល ផ្តល់ជូនលោកអនុសេនីយ៍ឯក នួន ធឿន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីន បណ្តាលដាច់ជើងទាំងពីរ។
លោកអនុសេនីយ៍ឯក នួន ធឿន បានរងគ្រោះដោយសារជាន់មីន បណ្តាលដាច់ជើងកាលចុងឆ្នាំ២០២០កន្លងទៅ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋានជាមួយម្តាយ និងកូនទាំង៣នាក់ (ទារកទើបសម្រាលម្នាក់) នៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជាលើកទី៣នេះ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ដោយបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកស្រី បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ និងមានស្មារតីរឹងប៉ឹងក្នុងការទ្រទ្រង់ជីវភាពគ្រួសារ ជាពិសេសសូមអនុវត្ត ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រុមគ្រួសារអ្នករងគ្រោះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែ គិតគូរលើកទឹកចិត្ត ជួយជ្រោមជ្រែង សម្រាលការលំបាកជាបន្តបន្ទាប់។
សូមបញ្ជាក់ថា នេះជាលើកទី៣ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនគ្រួសារជនរងគ្រោះ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅរបស់គ្រួសារ លោកអនុសេនីយ៍ឯក នួន ធឿន។ សម្រាប់លើកទី២ បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា១០លានរៀល តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។
អំណោយផ្តល់ជូន លោកអនុសេនីយ៍ឯក នួន ធឿន រួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខ២០កំប៉ុង, ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា៥លានរៀល ។ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានឧបត្ថម្ភរទេះរុញសម្រាប់ជនមានពិការភាព១គ្រឿង និងសន្យាសាងសង់ផ្ទះជូន១ខ្នងផងដែរ៕