(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសារបង្ហាញមោទនភាព ដែលកម្ពុជាជាប្រទេសទី១ ក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលទទួលបានវ៉ាក់សាំងកូវីដ១៩ ឈ្មោះអាស្ត្រា ហ្សេណេកា (Astra Zeneca) ពីអង្គកាសុខភាពពិភពលោក (WHO) តាមរយៈយន្តការកូវ៉ាក់ (COVAX)។
តាមរយៈ Facebook ផ្លូវការ, លោក ហ៊ុន ម៉ានី បានថ្លែងថា ជាមួយការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានូវវ៉ាក់សាំងប្រភេទ Astra Zeneca/SII ដែលវ៉ាក់សាំងនេះបានត្រូវដឹកជញ្ជូនមកដល់កម្ពុជា នាល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
«នេះជាមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រទេសទីមួយនៃតំបន់អាស៉ី-ប៉ាស៉ីហ្វិក ដែលទទួលបានវ៉ាក់សាំងតាមរយៈយន្តការនេះ»។ នេះជាការបញ្ជាក់ ពីលោក ហ៊ុន ម៉ានី។
លោកបញ្ជាក់ថា Astra Zeneca/SII ជាប្រភេទវ៉ាក់សាំងដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌានេះ គឺជាគម្រូវ៉ាក់សាំងមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស ហើយដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ។
លោក ហ៊ុន ម៉ានី ក៏បានរំលឹកផងដែរថា កម្ពុជាកន្លងមក បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ចាប់តាំងពីដំណាក់កាលដំបូង។ ជាពិសេសទៅទៀតនោះ កម្ពុជាបានជួយសង្រ្គោះអ្នកដំណើរនាវាវេស្ទើរដាម ដែលនេះគឺជាកាយវិការមនុស្សធម៌ដ៏ធំធេងមួយ ប្រកបដោយទំនួលខុសត្រូវក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ។
លោកបន្ថែមថា «យើងចងចាំមិនភ្លេច នូវការប្រសិទ្ធនាមកម្ពុជាថា “ជាប្រទសតូច តែមានបេះដូងធំ” ដោយសហគមន៍អន្តរជាតិ។ សូមអរគុណរាជរដ្ឋាភិបាល! អរគុណសន្តិភាព!»។
គួរជម្រាបថា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន៣២៤,០០០ដូស ជាលើកដំបូង ដែលមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសថា កម្ពុជារំពឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក តាមរយៈកូវ៉ាក់ប្រមាណ ៧លានដូស៕