(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់មួយចំនួន ត្រូវបានមន្ត្រីជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការដកហូត និងបានដុតកំទេចចោលបន្ទាប់ពីបានចុះត្រួតពិនិត្យឃើញ ជនល្មើសដាក់តាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យភ្នាក់ងារ Fresh News ដឹងនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងទិសដៅថែរក្សាធនធានមច្ឆាជាតិឱ្យនៅគង់វង្យ និងលុបបំបាត់ឧបករណ៍នេសាទ ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ក្រុមមន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះធ្វើអធិការកិច្ចត្រួតពិនិត្យលើឧបករណ៍នេសាទ ដោយប្រើកម្មវិធីស្មាត (SMART Tools) នៅតាមដងស្ទឹងក្នុងភូមិសាស្រ្តស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។
ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះ បានជួបឧបករណ៍នេសាទស្របច្បាប់ចំនួន១៧គ្រឿងរួមមាន៖ លបធំ, មងពាក់, តុំ, ឈ្នក់ដៃនិងឧបករណ៍ជាច្រើនទៀត ជាមួយគ្នានេះ ដែរក៏បានជួបឧបករណ៍ល្មើសច្បាប់ ០៣ករណីផងដែរមាន សម្រាស់ រ៉ាវ, ឧបករណ៍ឆក់ត្រី ហើយឧបករណ៍ល្មើសច្បាប់ទាំងនោះត្រូវបានក្រុមការងាររុះរើកំទេចចោល។
លោក ពឹង ទ្រីដា ក៏បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសែន ក្នុងខេត្តព្រះវិហារ ត្រូវចូលរួមថែក្សាធនធានមច្ឆាជាតិឱ្យនៅគង់វង្ស ដោយឈប់ប្រើប្រាស់ ឧបករណ៍នេសាទ ដោយខុសច្បាប់គ្រប់ប្រភេទ ដែលមិនត្រឹមតែធ្វើឱ្យធនធានមច្ឆាជាតិហិនហោចនោះទេ ថែមទាំងធ្វើឱ្យអ្នកប្រព្រឹត្តមានទោសទណ្ឌ ប្រឈម និងផ្លូវច្បាប់ផងដែរ៕