(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺផ្សេងៗរបស់សហរដ្ឋអាមេរិក (CDC) បានចេញសេចក្តីណែនាំមួយទៅកាន់ស្ត្រីជាជាតិអាមេរិកទាំងអស់ ដែលកំពុងមានផ្ទៃពោះ មិនគួរទៅទស្សនាការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅក្នុងប្រទេសប្រេស៊ីលនោះឡើយ ព្រោះរដ្ឋាភិបាល មានការព្រួយបារម្ភ អំឡុងពេលដែលវីរុសហ្ស៊ីកា (Zika) កំពុងផ្ទុះឡើងធ្ងន់ធ្ងរជាងគេ នៅប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយមិនទាន់ធូរស្រាល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ការណែនាំយ៉ាងទទូចនេះ ធ្វើឡើងដោយទីភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក បន្ទាប់ពីគេបានសិក្សា និងស្វែងយល់កន្លងមកអំពីវីរុសហ្ស៊ីកា ដែលវាមានគ្រោះថ្នាក់ខ្លាំងក្លាបំផុត ទៅលើស្ត្រីមានផ្ទៃពោះ ព្រោះស្ត្រីដែលឆ្លងជំងឺនេះ នឹងធ្វើឲ្យកូនដែលកើតមានក្បាលតូច និងប៉ះពាល់ដល់ការរីកលូតលាស់របស់ក្មេងយ៉ាងធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ CDC បានប្រាប់ឲ្យប្រជាជនដែលបានទៅ ទស្សនាការប្រកួតកីឡាអូឡាំពិកទាំងអស់ ត្រូវពិនិត្យសុខភាពជាមុន និងឲ្យបានទៀតទាត់ដើម្បីឲ្យប្រាកដថាពួកគេនឹងមិនចម្លងវីរុសទាំងនោះ ត្រឡប់មកស្រុកវិញឡើយ ជាពិសេសគឺស្ត្រីមានផ្ទៃពោះតែម្តង៕