(ភ្នំពេញ)៖ ក្នុងដំណើរទៅលេងបឹងកាលពីពេលថ្មីៗនេះ នាយខ្វែកបានឃើញផ្ទាល់ភ្នែក បឹង ប្រឡាយ ជាច្រើននៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង សំបូរទៅដោយបទល្មើសឆក់ត្រីយ៉ាងអនាធិបតេយ្យ គ្មានមន្ត្រីអាជ្ញាធរសមត្ថកិច្ចណាចុះទៅបង្ក្រាបឡើយ ជាពិសេសជំនាញជលផលតែម្ដង។

អ្នកស្រុកដែលប្រកបរបរទទួលទានសុច្ចរិតបានលើកឡើងថា បើនៅតែបណ្ដែតបណ្ដោយអោយជនល្មើសធ្វើសកម្មភាពឆក់យ៉ាងនេះតទៅទៀត ច្បាស់ជាតាមបឹងបួរលែងមានត្រីធម្មជាតិហូបហើយ ព្រោះបច្ចុប្បន្ន នៅតាមបឹង តាមប្រឡាយនានា ពួកជនល្មើសមិនត្រឹមធ្វើសកម្មភាពឆក់ត្រីធំៗយកទៅលក់ប៉ុណ្ណោះទេ សូម្បីតែត្រីតូចៗ កូនត្រីជាដើមក៏ពួកគេឆ្នៃឧបករណ៏ឆក់យ៉ាងទំនើបដើម្បីឆក់ប្រមូលយកទៅលក់អោយអ្នកចិញ្ចឹមត្រីដើម្បីធ្វើជាចំណីត្រីចិញ្ចឹមដែរ។

ជាក់ស្ដែងដូចឃើញទិដ្ឋភាពក្នុងរូបភាពនេះ ស្រាប់គឺនាយខ្វែក ថតបានដោយផ្ទាល់ កាលពីចុងសប្ដាហ៏កន្លងទៅ និងរូបខ្លះទៀតអ្នកស្រុកថតកាលពីរសៀលថ្ងៃម្សិលមិញ និងព្រឹកមិញនេះ គឺទូកបទល្មើសឆក់ត្រីមិនក្រោមពី១០០ទូកឡើយបាននាំគ្នាទៅធ្វើសកម្មភាពឆក់ត្រីនៅតាមបឹង ប្រឡាយ ស្ថិតនៅក្នុងភូមិកណ្ដាលក្រោម ភូមិព្រែកប៉ុល ភូមិព្រែកតាកែវ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ និងភូមិឃុំមួយចំនួនទៀតនៅក្នុងស្រុកស្អាងជាដើម។ក្នុងនោះជនល្មើសឆក់ត្រីភាគច្រើនតាមអ្នកស្រុកប្រាប់ គឺប្រមាណ៤០ទៅ៥០ទូកជាអ្នករស់នៅក្នុងភូមិចុងខ្សាច់ និងភូមិព្រែកប៉ុល និង៦០ទៅ៧០ទូកទៀតមកពីភូមិតាយោ ភូមិប្រាសាទ ជ្រោយឬស្សី និងភូមិមួយចំនួនទៀតក្នុងស្រុកស្អាង។

អ្នកស្រុកបាននិយាយថាពីមុនជនល្មើសឆក់ត្រីមិនសូវសំបូរបែបនេះទេ ហើយឧបករណ៏ឆក់ក៏មិនទំនើបដែរ គឺគេប្រើតែអាគុយធុនល្មម១គ្រឿងស្ពាយជាប់ខ្នង និងប្រើប្រដាប់ឆក់ដូចចង្កឹះមួយគូដើរឆក់ពេលឃើញអ្នកភូមិឬអ្នកដំណើរឆ្លងកាត់ពួកគេទម្លាក់ឧបករណ៏ឆក់ចោលឬរត់ពួនហើយ តែបច្ចុប្បន្ន ពួកជនល្មើសប្រើទូកម៉ាសុីនជិះឆក់តែម្ដង ហើយឧបករណ៏ឆក់របស់ពួកគេកាន់តែទំនើប ប្រើសុទ្ធតែអាគុយធុនធំ៣គ្រឿងដាក់នៅលើទូក និងប្រើកន្ត្រងឆក់យកទាំងត្រីតូចត្រីធំគឺឆក់យកទាំងអស់ ហើយត្រីណាលក់នៅលើទីផ្សាយបាន គេទុកលក់ ត្រីណាលក់នៅលើទីផ្សាយមិនបានពួកគេទុកសំរាប់លក់អោយអ្នកចិញ្ចឹមត្រីយកទៅធ្វើចំណីត្រីចិញ្ចឹម។អ្វីដែលអ្នកស្រុកហួសចិត្តនោះ គឺជនល្មើសដែលធ្វើសកម្មភាពឆក់ត្រីទាំងអស់នោះមិនខ្លាចនរណាឡើយ គឺបើកទូកដើរឆក់ទាំងហ្វូងៗតែម្ដង។

អ្នកភូមិសំណូមពរសូមអោយសមត្ថកិច្ច ជាពិសេសជំនាញជលផលមេត្តាចុះបង្ក្រាបផង បើមិនដូច្នេះទេ អនាគត តាមបឹងតាមប្រឡាយលែងមានត្រីធម្មជាតិទៀតហើយ៕