(ភ្នំពេញ)៖ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសន្យាជួយជនដែលងាយរងគ្រោះគ្រប់ប្រភេទ ក្នុងការរួមចំណែកលើកតម្កើងជីវភាពរស់នៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ចំពោះព្រះតេជគុណ ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរអនុគណខណ្ឌ ដើម្បីឲ្យស្របតាមការយកចិត្តទុកដាក់ដឹកនាំប្រកបដោយព្រហ្មវិហ៊ាធម៌ របស់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

នាឱកាសទទួល និងប្រគល់ទេយ្យវត្ថុខាងលើនេះ ក៏មានព្រះវត្តមាន និងវត្តមានរបស់ ព្រះតេជព្រះគុណព្រះអនុគណខណ្ឌប្ញស្សីកែវ ព្រះចៅអធិការវត្ត តំណាងព្រះចៅអធិការវត្តទាំង០៥ ថ្នាក់ដឹកនាំ និងមន្ត្រីសង្ឃ នៃសាលាអនុគណខណ្ឌ, ព្រះថេរានុថេរៈជាច្រើនអង្គទៀត លោក-លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាមន្ត្រីអនុសាខា ព្រមជាមួយមន្ត្រីសាលាខណ្ឌ បាននិមន្ត ចូលរួម ផងដែរ ដែលបានប្រារពឡើងនៅ «វត្តទួលសន្តិវ័ន» ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

លើសពីនេះ លោក ជា ពិសី ក៏បានសន្យាបន្តនាំយកនូវទេយ្យទាន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ សុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងពិធីទទួល និងប្រគល់ទេយ្យវត្ថុនេះដែរ, ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ បានមានព្រះថេរដីកាថា នៅតែបន្តជួយឧបត្ថម្ភគាំទ្របន្តទៀត ទាំងសម្ភារ គ្រឿងឧបភោគបរិភោគ និងបច្ច័យមកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងគោលបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា ទេយ្យវត្ថុដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបានពីព្រះតេជគុណ ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរអនុគណខណ្ឌ រួមមាន៖ អង្ករ៥០០គីឡូក្រាម, មី៥០កេស, ទឹកក្រូច១០កេស, ស្ករស៥០គីឡូក្រាម, ទឹកត្រី១០០យួរ, តែ០២ បាវ, គ្រឿងប្រើប្រាស់ផ្ទះបាយ ០២ឈុតធំ, ទឹកស៊ីអ៉ីវ១០០យួរ, ទឹកបរិសុទ្ធ១០កេស, សាដក៤០កញ្ចប់, និងបច្ច័យ ២,០០០,០០០ រៀល សរុបជាទឹកប្រាក់ស្មើនឹងថវិកា ៩,០៣០,០០០រៀល៕