(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហើបឱ្យដឹងថា ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកកំពុងតែពិនិត្យ និងសិក្សាពីលទ្ធភាពបន្ថែម ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនគ្រួសារកងទ័ពទាំងអស់។
ការបង្ហើបឱ្យដឹងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសសម្តេចពិជ័យសេនា ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) ជាជំនួយរបស់ចិន ជូននាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលការពារព្រំដែនគោកប្រចាំការជួរមុខ យោធភូមិភាគទី០៤ ខេត្តសៀមរាប។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហើបយ៉ាងដូច្នេះថា៖ «ដល់កម្រិតមួយឃើញថាគ្រប់គ្រាន់ ក្នុងម្នាក់២ដូស ឃើញថាគ្រប់គ្រាន់ហើយ ទើបយើងដាក់ជំហានទី២ គឺយើងមានថ្នាំ យើងនឹងពិនិត្យមើលការចាប់ផ្តើមពង្រីកដល់គ្រួសារ (ការចាក់វ៉ាក់សាំងដល់គ្រួសារកងទ័ព) ខ្ញុំបានគិតគូរច្រើនដែល យើងម្នាក់មានប្រពន្ធ ឪពុក ម្តាយ ឪពុកក្មេក ម្តាយក្មេក ដែលមិនស្ថិតនៅក្នុងកងទ័ព ដូច្នេះយើងកំពុងមើលលើកិច្ចការងារនេះ ដែលហាក់ដូចពន្លឺនេះក៏យើងមានសង្ឃឹមច្រើនដែរ»។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា សម្តេចនឹងពន្លឿនដល់ក្រុមគ្រូពេទ្យ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូននាយទាហាន នាយទាហានរង ពលទាហាន និងកម្លាំងនគរបាលដែលជួរមុខនៅតាមបន្ទាត់ព្រំដែនឱ្យបានរួចរាល់នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តនៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីបរទេស ដើម្បីយកមកចាក់ជូនមន្ត្រីរាជការជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមបុគ្គលអាទិភាពមួយចំនួន ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា កម្ពុជាបានទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន ជំហានដំបូង ចំនួន៦០ម៉ឺនដូស ជាប្រភេទវ៉ាក់សាំង Sinopharm កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ ខណៈភាគីចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតដល់កម្ពុជាឆាប់ៗនេះ។
ដោយឡែក នាយប់ថ្ងៃទី០២ ខែមីនា ម្សិលមិញ វ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ត្រូវបានដឹកមកដល់រាជធានីភ្នំពេញ ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។ កម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ។
គិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិនលើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៧៥,១៩៨នាក់ ខណៈចាក់លើកទី២បានចំនួន៤៧០៩នាក់។ ដោយឡែក ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលទូទាំងប្រទេសសរុបចំនួន៖ ៣៣,២១១នាក់ ក្នុងនោះមានអ្នកចាក់លើកទី២ សរុបចំនួន៖ ១១៦៥នាក់៕