(ភ្នំពេញ)៖ សាលក្រមដែលតុលាការកាត់ទោសឱ្យ លោក សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមខុសច្បាប់ ជាប់ពន្ធនាគារ ២៥ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងកាត់ទោសបក្ខពួក៨នាក់ទៀត ឱ្យជាប់ពន្ធនាគារចន្លោះពី២០ទៅ២២ឆ្នាំ ត្រូវបានសមត្ថកិច្ចយកទៅបិទជាសាធារណៈ នៅសាលាសង្កាត់ចាក់អង្រែលើ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីតាំងមួយចំនួនទៀត ដែលជាកន្លែងពិរុទ្ធជនធ្លាប់ស្នាក់នៅ នាវេលាម៉ោង ២៖០០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។
ពិរុទ្ធជនទាំងនេះ ត្រូវបានតុលាការកាត់ទោសពីបទ «ឧបឃាត» ដែលក្នុងនោះជនជាប់ចោទ០៩នាក់ រួមមាន៖ លោក សម រង្ស៉ី, លោក អេង ឆៃអៀង, លោក មូរ សុខហួរ, លោក អ៊ូ ច័ន្ទប្ញទិ្ធ, លោក ហូ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សូមួរ៉ា និង លោកនុត រំដួល។ ការយកសាលក្រមនេះទៅបិទជាសាធារណៈ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ក្រៅពីកាត់ទោស លោក សម រង្ស៉ី, ក្នុងសវនាការនេះ តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន ២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ ២០ឆ្នាំផងដែរ។
ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងបទល្មើសធ្ងន់ធ្ងរនេះ តុលាការក៏បានសម្រេច «ប្រកាសទោសបន្ថែមមួយចំនួន ដោយដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ជាដើម។
លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សូមួរ៉ា និង លោក នុត រំដួល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩៕