(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងឱកាសអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២ ជាមួយឥស្សរជននានា នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដឹងខ្លួនថាបានប៉ះពាល់អ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» សូមកុំខ្មាសអៀន ត្រូវមានភាពស្មោះត្រង់ទៅធ្វើតេស្ត ដើម្បីកាត់ផ្តាច់ការចម្លងកូវីដ១៩ ឲ្យបានឆាប់បំផុត។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ដាច់ខាតត្រូវ តែអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល អំពីវិធីការពារខ្លួន «៣ការពារ និង៣កុំ» ក្នុងនោះ វិធីការពាររួមមាន ពាក់ម៉ាស់, លាងដៃញឹកញាប់, និងរក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំង៣រួមមាន កុំទៅកន្លែងបិទជិត, កន្លែងមានមនុស្សកុះករ, និងកុំប៉ះពាល់គ្នាជាដើម។
លោកស្រីបញ្ជាក់បន្តថា ទន្ទឹមនឹងអនុវត្តវិធីការពារខ្លួន «៣ការពារ និង៣កុំ» គឺចំបាច់ត្រូវចូលរួមអនុវត្តវិធានការការធ្វើចត្តាឡីស័ករបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវតែចូលរួមធ្វើចត្តាឡីស័កឲ្យបានគ្រប់រយៈពេល ១៤ថ្ងៃ។ មួយវិញទៀតក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ សូមតាមដានសុខភាពរបស់បងប្អូន ហើយប្រសិនបើមានបញ្ហាអ្វីកើតឡើងសូមទូរស័ព្ទទៅ ១១៥ ដើម្បីក្រុមគ្រូពេទ្យអាចជួយអន្តរាគមន៍ បានទាន់ពេលវេលា។
លោកស្រីថ្លែងថា «ប្រសិនបើយើងបានប៉ះពាល់ បានជួបជាមួយនឹងអ្នកដែលយើងដឹងថា អ្នកនោះបានផ្ទុកនូវវីរុសកូវីដ១៩ ដោយលទ្ធផលពីមន្ទីរពិសោធន៍ចេញមក សូមបងប្អូនកុំមានការខ្មាសអៀន ឬខ្លាច ប្រសិនណាបើបងប្អូនមានភាពស្មោះត្រង់ គឺមានន័យថាបងប្អូនបានចូលរួមចំណែកដ៏សំខាន់ណាស់ ដល់សង្គមជាតិរបស់យើង ក្នុងការចូលរួមកាត់ផ្ដាច់ឲ្យបានលឿនជាទីបំផុត នូវខ្សែចំលងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់យ៉ាងលឿន»។
លោកស្រីរំលឹកថា វីរុសកូវីដ-១៩ថ្មីនេះ កំពុងតែចរាចរបន្តរាតត្បាត នៅលើសកលលោកយ៉ាងខ្លាំងក្លា។ ដូច្នេះពលរដ្ឋកម្ពុជា មិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរ បណ្ដាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ ត្រូវចងចាំថា វាអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះទេ៕