(តាកែវ)៖ អភិបាលខេត្តតាកែវលោក អ៊ូច ភា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm លើកទី២រួចរាល់ហើយ ដោយឡែកក្រុមគ្រួសាររបស់លោកអភិបាលខេត្ត ក៏បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm លើកទី១ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវផងដែរ។
នៅក្នុងឱកាសអញ្ជើញចាក់វ៉ាកសាំងលើកទី២ លោកអភិបាលខេត្តតាកែវ បានថ្លែងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនានា និងអង្គសុខភាពភាព ពិភពលោកដែលនាំមកនូវផ្លែការ នៃការផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យកមកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ដូចជានៅថ្ងៃនេះមន្រ្តីសុខាភិបាលខេត្តតាកែវ មន្ត្រីនគរបាល និងថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ជាជំហ៊ានដំបូង។
លោកអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានធ្វើការជម្រាបជូនដល់មន្រ្តីទាំងអស់ថា បើទោះបីជាយើងមានវ៉ាក់សាំងចាក់ក៏ពិតមែន ពិសេសចាក់ចំពោះមន្រ្តីជួរមុខក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួនអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះទេ ពោលគឺយើងត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩នេះ នៅក្នុងដំណាក់កាលនៃការឆ្លងសហគមន៍២០កុម្ភៈ។
ឆ្លៀតនៅក្នុងឱកាសនោះលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ដែលនាំឲ្យខេត្តតាកែវរហូតមកដល់ពេលនេះ មិនទាន់មានមនុស្សណាម្នាក់កើតជំងឺកូវីដ១៩នោះទេ៕