(បន្ទាយមានជ័យ)៖ ស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សង្ស័យជាករណីឃាតកម្ម និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ជនដៃដល់។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឲ្យដឹងថា ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើលោកឧត្តមសេនីយ៍ស្នងការ ករណីជំនាញព្រហ្មទណ្ឌរបស់លោក បានសន្និដ្ឋានថា ជាអំពើឃាតកម្ម។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងជំនាញកំណត់មុខសញ្ញាជនដៃដល់បានហើយ គឺជាជនជាតិខ្មែរ មិនមែនជនជាតិចិន ដូចគេចែកចាយនៅលើបណ្ដាញសង្គមនោះទេ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕