(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍នេះ កម្លាំងននគរបាលអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួន ជនបរទេស ដែលរស់នៅខុសច្បាប់ក្នុងទឹកដីកម្ពុជា បានចំនួន៤០នាក់ ដែលមាន៧សញ្ជាតិ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា នៅសប្តាហ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ ការឃាត់ខ្លួនជនបរទេស សរុបចំនួន៤០នាក់ (ស្រី៨នាក់) មាន៧សញ្ជាតិដូចខាងក្រោម វៀតណាម៣៣នាក់ (ស្រី៨នាក់) អាមេរិកម្នាក់ ឥណ្ឌា២នាក់ ស្វីសម្នាក់ ឥណ្ឌូនេស៊ីម្នាក់ បារាំងម្នាក់ ជប៉ុនម្នាក់ និងបានបណ្តេញចេញចំនួន២៨នាក់ (ស្រី៦នាក់) មានចំនួន៧ សញ្ជាតិដូចជា វៀតណាម ១១នាក់ (ស្រី៥នាក់) អាមេរិក២នាក់ ចិនម្នាក់ ហ្វីលីពីនម្នាក់ កូរ៉េ៣នាក់ ប៉ាគីស្ថាន៣នាក់ និងថៃ៧នាក់។
លោកបានបញ្ជាក់ថា ជនបរទេសដែលកំពុងស្នាក់នៅ ក្នុងកន្លែងត្រៀមបណ្តេញចេញ សរុបចំនួន៤៩នាក់ មាន១៨សញ្ជាតិដូចជា វៀតណាម២០នាក់ (ស្រី៣នាក់) ហូឡង់២នាក់ នីហ្សេរីយ៉ា៦នាក់ អង់គ្លេសម្នាក់ អាឡឺម៉ង់ម្នាក់ កូរ៉េម្នាក់ ស៊ុយអ៊ែតម្នាក់ ប៉ាគីស្ថានម្នាក់ អាព្រិកខាងត្បូងម្នាក់ ស្វីសហ្សឺឡែនម្នាក់ ចិនម្នាក់ អាមេរិកម្នាក់ រុស្សីម្នាក់ អាល់មីនៀម្នាក់ បង់ក្លាដេស៥នាក់ ឥណ្ឌូនេស៊ីម្នាក់ ឥណ្ឌា២នាក់ និងបារាំងម្នាក់។
លោកឧត្តមសេនីយ៍ បញ្ជាក់ទៀតថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការងារប្រតិបត្តិការប្រចាំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឃាត់ជនជាតិវៀតណាម ចំនួន២៦នាក់ (ស្រី៩នាក់) នៅរាជធានីភ្នំពេញ ខេត្តមួយចំនួនដូចជា ខណ្ឌច្បារអំពៅម្នាក់ ខណ្ឌឬស្សីកែវ ១០នាក់ (ស្រី៦នាក់) ខេត្តបាត់ដំបង១១នាក់ (ស្រី២នាក់) និងខេត្តសៀមរាប៤នាក់ (ស្រីម្នាក់)៕