(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជានិច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។ ខណៈការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។
ការបញ្ជាក់បែបនេះរបស់ លោក ជិន ម៉ាលីន បានធ្វើឡើងក្រោយពី លោក ផាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ចេញមតិជុំវិញការកាត់ទោសទណ្ឌិត សម រង្ស៉ី មេចលនាក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួកចំនួន៨រូបទៀត ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ទៅ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទឧបឃាត ឬការរៀបផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
លោក សម រង្ស៉ី និងបក្ខពួក៨នាក់ផ្សេងទៀត រួមមាន៖ លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោក អ៊ូ ច័ន្ទឬទិ្ធ, លោក ហូរ វ៉ាន់, លោកឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ, លោកស្រី ជូឡុង សួមួរ៉ា និង លោក នុត រំដួលកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ «ឧបឃាត» ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជាផែនការនៃការវិលត្រឡប់ចូលប្រទេសកម្ពុជា អំឡុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ២០១៩។
ជាការឆ្លើយតបចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ លោក ជិន ម៉ាលីន បានឱ្យដឹងថា «ការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើស មិនមែនជាការរឹតត្បិតលម្ហប្រជាធិបតេយ្យនោះទេ។ ចំណែកឯការរិះគន់លើនីតិវិធី និងការសម្រេចរបស់តុលាការ ដោយមិនផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា ហើយដើម្បីតែការពារក្រុមជនល្មើសនោះ វាជាការិះគន់បែបអយុត្តិធម៌ និងមានស្តង់ដាពីរ»។
ជុំវិញចំណុចនេះដែរ លោក ជិន ម៉ាលីន ក៏បានលើកឡើងចំនួន ៣ចំណុច ជាចំណេះដឹងផ្នែកច្បាប់ អំពីព្រឹត្តិការណ៍ ៩ វិច្ឆិកា ដែលអ្នកជាប់ពាក់ព័ន្ធ និងទទួលខុសត្រូវតាមផ្លូវច្បាប់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកចំនួន៨នាក់ផ្សេងទៀតរួមមាន៖
ទី១៖ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ២០១៩ កន្លងទៅនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ជាពិសេសដើម្បីទម្លាក់នាយករដ្ឋមន្រ្តីស្របច្បាប់ចេញពីដំណែង តាមរយៈយុទ្ធនាការញុះញង់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យបះបោរតាមរូបភាពបដិវត្តហឹង្សា និងការបង្កើតមូលនិធិដើម្បីធ្វើសកម្មភាពរដ្ឋប្រហារនេះ។ សកម្មភាពទាំងនេះ គឺជាអំពើវិទ្ធង្សនា ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខជាតិ
ទី២៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ត្រូវផ្តន្ទាទោសក្រោម បទល្មើសឧបឃាត ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវជាប់ទោសពីបទ រួមគំនិតក្បត់។ អំពើវិទ្ធង្សនាដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខជាតិបែបនេះ តែងតែមានការចូលរួម និងពាក់ព័ន្ធជាមួយមនុស្សជាច្រើន ហើយដែលកម្ពុជាមិនមែនជាករណីដោយឡែកនោះទេ ដូចជាករណីរដ្ឋប្រហារមិនបានសម្រេចនៅតួគីជាដើមដែលមានមនុស្សរាប់មុឺននាក់ត្រូវបានចាប់ខ្លួន និងសូម្បីតែករណីហឹង្សានៅវិមានរដ្ឋសភាកាពីតូលរបស់អាមេរិកនាពេលថ្មីៗនេះ ក៏មានអ្នកដែលត្រូវឃុំខ្លួនជាង ១០០នាក់ដែរ និងកំពុងតែស្វែងរកអ្នកពាក់ព័ន្ធដ៏ទៃទៀត។
និងទី៣៖ ជាគោលការណ៍ច្បាប់ អ្នកដែលពាក់ព័ន្ធនិងរងការចោទប្រកាន់ក្នុងព្រឹត្តិការ ៩ វិច្ឆិកា នេះ ត្រូវចូលរួមក្នុងដំណើរការនីតិវិធីតុលាការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ដោយមានជំនួយពីមេធាវី ដើម្បីដោះបន្ទុកនិងតតាំងជាមួយបទចោទ។ នេះជាមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ដើម្បីការពារខ្លួនរួចពីបទចោទ នៅក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ មិនមែនត្រូវធ្វើការទាមទារដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យឱ្យដោះលែង ឬទម្លាក់ចោលបទចោទនោះទេ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។
ក្រៅពីកាត់ទោស ទណ្ឌិត សម រង្ស៉ី, ក្នុងសវនាការនេះ តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។
ក្រៅពីការកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងបទល្មើសធ្ងន់ធ្ងរនេះ តុលាការក៏បានសម្រេច «ប្រកាសទោសបន្ថែមមួយចំនួន ដោយដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ជាដើម៕