(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងការធ្វើអាជីវកម្ម (MOC ១០១) ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយនៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានមន្ត្រីពាក់ព័ន្ធ រួមទាំងពាណិជ្ជកម្មជាច្រើននាក់ទៀតផងដែរ។
ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនឆ្នើម១៧ក្រុម នឹងប្រកួតប្រជែងធ្វើបទបង្ហាញអំពីអាជីវកម្ម ទៅកាន់វិនិយោគិន ដើម្បីទាក់ទាញវិនិយោគិន ឲ្យចូលរួមក្នុងគម្រោងវិនិយោគរបស់ពួកគេ។
កម្មវិធីប្រកួតប្រជែងធ្វើពាណិជ្ជកម្ម MOC ១០១ គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួងពាណិជ្ជកម្ម មានគោលបំណងផ្តល់ការអប់រំ និង លើកទឹកចិត្តដល់ការចាប់ផ្តើមដំណើរការ អាជីវកម្មដំបូងរបស់សហគ្រិន តាមរយៈការបណ្តុះបណ្តាល និង ប្រឹក្សាយោបល់។ MOC ១០១ មានគោលបំណងបង្កើនសមត្ថភាពអាជីវករ ពាណិជ្ជករ តាមរយៈការផ្តល់នូវគោលគំនិតល្អៗ សំខាន់ៗ ទៅលើការចាប់ផ្តើម អាជីវកម្មដំបូង និង អាជីវកម្ម ដែលមានស្រាប់ តាមការបណ្តុះបណ្តាល និង ហ្វឹកហ្វឺនផ្សេងៗ។
កម្មវិធីប្រកួត MOC ១០១ បានចែកចេញជាបួនដំណាក់កាលរួមមាន៖ វគ្គចាប់ផ្តើមដំបូង (Boot Camp) វគ្គបណ្តុះបណ្តាលភ្ញាស់ គំនិតអាជីវកម្ម (Incubation) វគ្គការផ្សព្វផ្សាយនៅលើទីផ្សារ (Market Day) និងវគ្គផ្តាច់ព្រ័ត្រ (Final Pitch)។
នៅព្រឹកថ្ងៃសៅរិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គឺជាវគ្គផ្តាច់ព្រ័ត្រ «ធ្វើបទបង្ហាញអំពីអាជីវកម្ម ទៅកាន់វិនិយោគិន»។ អ្នកប្រកួតប្រជែងចំនួន ១៧ក្រុមជម្រុះចុងក្រោយ ដែលជាបេក្ខជនឆ្នើមជាងគេ នឹងមានរយៈពេល ១០នាទី ធ្វើបទបង្ហាញ ចំពោះមុខបណ្តា វិនិយោគិន ដ៏មានសក្តានុពលរបស់កម្ពុជា។ អ្នកប្រកួតប្រជែងទាំង ១៧ក្រុមនេះ ត្រូវប្រឹងប្រែងធ្វើបទបង្ហាញយ៉ាងណា ឲ្យមានការ ទាក់ទាញពីវិនិយោគិន ដើម្បីឲ្យផ្តល់ការសហការគាំទ្រធ្វើពាណិជ្ជកម្ម និងផ្តល់នូវមូលនិធិហិរញ្ញប្បទានដល់ពួកគេ។ ក្រុមបេក្ខជននីមួយៗ អាចស្វែងរកឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម នៅក្នុងអំឡុងពេលសម្រាកញុំាអាហារសម្រន់ ដែលនឹង មានការចូលរួមពីអាជីវករ និង ពាណិជ្ជករជាង ១០០នាក់៕