(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) តាមប្រព័ន្ឋវីដេអូ។
ការចូលរួម កិច្ចប្រជុំនេះ ធ្វេីឡេីងតបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម។
បេីតាមសេចក្តីប្រកាសក្រសួងការបរទេសកម្ពុជា, ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាពក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។
រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយ និងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះផងដែរ។
រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នា រួមទាំងការវិវឌ្ឍនៃស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕
ខាងក្រោមនេះជាសេចក្តីប្រកាសក្រសួងការបរទេសកម្ពុជា៖