(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋលេងកីឡាដើម្បីសុខភាព ហើយសម្តេចថា ការលេងកីឡានេះ នឹងអាចធ្វើគ្រប់គ្នាបង្កើនការឈប់ជក់បារី ដូចសម្តេចដែរ។
ជាមួយនឹងការបង្ហោះរូបភាពវាយកូនហ្គោល ដែលជាកីឡាសម្តេចចូលចិត្តលេងរៀងរាល់សប្តាហ៍ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ថា «ថ្ងៃសៅរ៍ ចុងសប្តាហ៍ ខ្ញុំច្រើននិយាយពីកីឡា និងកំពុងស្ថិតនៅទីលានវាយកូនគោល។ នេះខ្ញុំចង់ផ្តល់បទពិសោធន៍សម្រាប់ អ្នកជក់បារី។ កីឡាអាចជួយកាត់បន្ថយការជក់បារីនៅពេលកំពុងលេង។ មិនអាចជក់បារីនៅពេលកំពុងលេងកីឡាបានទេ ទោះកីឡាប្រភេទណា ក៏ដោយ ហើយប្រសិនចង់ឈប់ជក់បារីគួរបង្កើនសកម្មភាពកីឡា»។
បន្ថែមពីលើនេះ សម្តេចបានអំពាវនាវថា «សូមឈប់ជក់បារី ដើម្បីសុខភាពផ្ទាល់ខ្លួនយើង និងគ្រួសារយើង ក៏ដូចជាមិត្តភ័ក្តិរួមការងារជាមួយយើង»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានរំលឹកអំពីការព្យាយាមផ្តាច់បារីដ៏ពិបាកបំផុត កាលពីខែមីនា ឆ្នាំ២០១៤ ដែលកាលនោះសម្តេចបានប្រៀប ប្រដូចការផ្តាច់បារីទៅនឹងសមរភូមិទី១០៦ទៀតផង ដែលព្យាយាមឱ្យមានការតាំងចិត្ត និងអត់ធ្មត់៕