(ភ្នំពេញ)៖ ផលិតផលកសិកម្មសំខាន់ៗ របស់កម្ពុជា ដូចជា ដំឡូងមីក្រៀម, ដំឡូងមីស្រស់, ស្រូវ, គ្រាប់ស្វាយចន្ទី, គ្រាប់ពោតក្រហម, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់, ម្ទេសស្រស់, ដូងប្រេង, កន្ទក់ និងផលិតផលផ្សេងទៀត៣៣មុខ សរុបទាំងអស់ជិត១.៦លានតោន ត្រូវបាននាំចេញទៅក្រៅប្រទេស នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ ភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ មានចំនួន ១,៥៩៩,៩២២.៣៧ តោន មានការកើនឡើងចំនួន ៥៦៩,៤៩៣.៨៨ តោន ស្មើនឹង ៥៥.២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន ២៥ ប្រទេស។
ក្នុងចំណោមផលិតផល ដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួន បានទទួលបញ្ជាទិញបានច្រើនជាងគេដូចជា៖
១៖ ដំឡូងមីក្រៀមមានចំនួន ៨០២,៤៥១.៥៦ តោន
២៖ ដំឡូងមីស្រស់មានចំនួន ១៥៤,៧៥០.០០ តោន
៣៖ ស្រូវចំនួន ២៨៧,៨៥០.០០ តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩,០៣៣ តោន)
៤៖ គ្រាប់ស្វាយចន្ទីចំនួន ៧៩,៤៧៣.៥១ តោន
៥៖ គ្រាប់ពោតក្រហមមានចំនួន ៧៨,៨៥៦.១៤ តោន
៦៖ ផ្លែចេកស្រស់ចំនួន ៧៥,៦៤៥.៥៧ តោន
៧៖ ផ្លែស្វាយស្រស់ចំនួន ៤៣,៦៨០ តោន
៨៖ ម្ទេសស្រស់ចំនួន ៣២,៤១៧.១២ តោន
៩៖ ដូងប្រេងចំនួន ៧,១៧៦.៦៩ តោន
១០៖ កន្ទក់មានចំនួន ៦,២៥០.០០ តោន
ក្រៅពីផលិតផល១០ខាងលើនេះ កម្ពុជាក៏មានការនាំចេញផលិតផលចំនួន ៣៣មុខផ្សេងទៀតមានបរិមាណសរុបចំនួន ៣,៣៧១.២៥ តោនផងដែរ៕