(ព្រៃវែង)៖ ទោះបីប្រទេសកម្ពុជា មានការយាយីដោយជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍យ៉ាងក៏ដោយ ប៉ុន្តែស្ថានភាពការចរាចរណ៍ទំនិញ នៅតាមព្រំដែនក្នុងខេត្តព្រៃវែងបន្តជាធម្មតា និងបានអនុវត្តយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការណ៍របស់ក្រសួងសុខាភិបាលផងដែរ។
ការនាំចេញស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនក្នុងខេត្តព្រៃវែង ក៏កំពុងដំណើរការយ៉ាងរលូនផងដែរ ក្នុងនោះ រយៈពេល២ខែ ឆ្នាំ២០២១នេះ ទំនិញស្រូវនាំទៅលក់ បានចំនួន៤១៧,៤៣៦តោន គិតជាទឹកប្រាក់ស្មើនឹង១១១,០៩៦,០០២ដុល្លារ ខណៈអាជ្ញាធរខេត្តព្រៃវែង បានខិតខំចុះសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឲ្យទំនិញខ្មែរ ទៅលក់នៅក្នុងប្រទេសវៀតណាម បានដោយបានរលូន។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រៃវែង ឲ្យដឹងថា ស្ថានភាពស្រូវនាំចេញតាមច្រកនីមួយៗ និងតម្លៃស្រូវក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្រូវនាំចេញតាមច្រកពាមន្ទា នៅស្រុកកំពង់ត្របែក ចំនួន២៦០តោន ក្នុងមួយថ្ងៃ និងតាមច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ចំនួន៨,៨៩៥តោន ក្នុងមួយថ្ងៃ និងតាមច្រកកោះរកា ស្រុកពាមជរ ចំនួន៤,០៤៥តោន ក្នុងមួយថ្ងៃ ហើយការនាំចេញស្រូវទូទាំងខេត្តព្រៃវែង សរុប១៣,២០០តោន ក្នុងមួយថ្ងៃ។
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងរូបនេះ បានបន្ដទៀតថា ស្រូវរបស់កសិករដែលនាំមកលក់នៅតាមច្រកព្រំដែន នៅខេត្តព្រៃវែងនេះ មានមកពីខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្នុងនោះស្រូវ OM ៥៤៥១ មានតម្លៃ១ ,០១០រៀល ក្នុងមួយគីឡូក្រាម និងស្រូវអីអ៊ែរ៥០៤ មានតម្លៃ១,០៩០រៀល ក្នុងមួយគីឡួក្រាម។
ជាមួយគ្នានេះ លោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង បានអះអាងថា នៅពេលថ្មីនេះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងក្រុមការងារ បានចុះត្រួតពិនិត្យលើកិច្ចការងារគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ កោះរការ ដើម្បីសិក្សាស្វែងយល់អំពីបញ្ហាផ្សេងៗ និងបញ្ហាប្រឈម នៅតាមច្រកទ្វារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិកោះរការ ឃុំកោះរការ ស្រុកពាមជរផងដែរ។
លោកបានបន្ថែមថា ការចុះពិនិត្យនេះក្នុងគោលបំណងបង្កើនការរឹតបន្តឹង លើដំណើរឆ្លងកាត់ព្រមទាំងត្រួតពិនិត្យការដោះដូរទំនិញគ្រប់ប្រភេទ ដែលនេះជាកិច្ចការឆ្លើយតប ទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះបណ្តាខេត្តជាប់ព្រំដែន ដែលត្រូវការពារឲ្យបាននូវការ លួចឆ្លងដែនខុសច្បាប់ ខណៈប្រទេសជិតខាងកាន់តែមានការរីករាលដាល និងលេចឡើងនូវការបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
លោកបានបន្ថែមថា បច្ចុប្បន្នការនាំស្រូវទៅលក់នៅប្រទេសវៀតណាម មានពីរច្រកសំខាន់ គឺនៅច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច និងច្រកព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ។ ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ តម្រូវឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានដឹកស្រូវវៀង ចូលមកច្រកព្រំដែនអន្តរជាតិវិញ ធ្វើឲ្យមានផលលំបាកដល់ពួកគាត់ ដែលពីមុនគ្រាន់តែច្រូតស្រូវ ហើយឈ្មួញវៀតណាម មកទិញដោះដូរស្រូវតាមទូកតែម្តង ដូច្នេះនៅចំពោះមុខក្នុងនាមរដ្ឋបាលខេត្ត បានខិតខំសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជំរុញការនាំស្រូវចេញទៅលក់ឲ្យបានរលូនផងដែរ៕