(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមនអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានឲ្យដឹងថា វិនិយោគិនក្នុងស្រុកនៅតែសំខាន់បំផុត ក្នុងការជំរុញកំណើនវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា។
ជាក់ស្ដែងសម្រាប់វិស័យអចលនទ្រព្យ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ដែលធ្វើឲ្យវិនិយោគិនក្រៅស្រុកខកខាន មិនបានមកវិនិយោគកម្ពុជា ប៉ុន្ដែសកម្មភាពវិនិយោគិនក្នុងស្រុកនៅដំណើរការ។
លោកបានឲ្យដឹងថា «អ្នកវិនិយោគក្នុងស្រុកនៅតែដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យ និងសេដ្ឋកិច្ចនៅកម្ពុជាបានមួយភាគធំ។ សម្រាប់វិបត្តិកូវីដ១៩នេះ ក៏ជាការផ្ដល់ឱកាសក្នុងការរៀនសូត្រអំពីភាពប្រឈម ក្នុងវិបត្តិបញ្ហាលើពិភពលោកផងដែរ។ បន្ទាប់ពីឆ្លងកាត់វិបត្តិនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជា មានភាពរឹងមាំ ចាស់ទុំ និងអាចដោះស្រាយនៅពេលមានវិបត្តិ នៅពេលក្រោយៗទៀត»។
លោក ច្រឹក សុខនីម បានបញ្ជាក់ថា អ្នកវិនិយោគនឹងចាប់ផ្ដើមធ្វើដំណើរ នៅពេលទទួលបានវ៉ាក់សាំងកូវីដ១៩ និងប្រទេសដែលត្រូវទៅវិនិយោគមានវ៉ាក់សាំងដូចគ្នា។ បច្ចុប្បន្នទោះបីកម្ពុជា ទទួលបានវ៉ាក់សាំងកូវីដ១៩រួចរាល់ក្ដី ប៉ុន្ដែប្រទេសដទៃទៀតមិនទាន់ ទទួលបានពេញលេញ។
លោកបន្ដថា «ប្រសិនបើជំងឺកូវីដ១៩ នៅតែបន្ដអូសបន្លាយ ខ្ញុំមើលឃើញថា អចលនវត្ថុកម្ពុជា អាចប្រឈមនឹងការថមថយខ្លះ ប៉ុន្ដែរហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាថមថយណាមួយឡើយ ដោយសារតែវិស័យធនាគារ នៅតែបន្ដប្រាក់កម្ចីលើវិស័យនេះ ដូច្នេះវិស័យអចលនទ្រព្យ នៅបន្ដភាពរឹងមាំដដែល»។
និយាយពីវិស័យអចលនទ្រព្យ មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ធ្លាប់បានឲ្យដឹងថា វិស័យនេះជាជន្ទល់យ៉ាងរឹងមាំ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលនៃការរីករាលដាន នៃជំងឺកូវីដ១៩ផងដែរ។
ផ្ដោតលើវិស័យខុនដូនៅកម្ពុជាវិញ ឃើញថាបន្ទាប់មានការរីករាលដាលនៃជំងឺកូវីដ១៩នេះ វិស័យជួលទិញ និងលក់ខុនដូមានសភាពនឹង ដោយសារតែវិស័យនេះ ត្រូវការជួល និងទិញពីសំណាក់ភ្ញៀវអន្ដរជាតិ។ នេះបើតាមលោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគម អ្នកវាយតម្លៃអចលនវត្ថុ និងជាស្ថាបនិកក្រុមហ៊ុន IQI Cambodia Co., Ltd។
លោក ម៉ាន់ ច័ន្ទឌី បានឲ្យដឹងថា អ្នកវិនិយោគក្នុងស្រុកពិតជាសំខាន់ ក្នុងការលើកស្ទួយវិស័យខុនដូនេះ ប្រសិនបើអ្នកអភិវឌ្ឍន៍ទាំងនោះ ប្ដូរយុទ្ធសាស្ត្រទីផ្សារ ដោយបែរមកលក់ឲ្យអតិថិជនក្នុងស្រុក ក្នុងតម្លៃសមរម្យណាមួយនោះ អ្នកវិនិយោគទាំងនោះនឹងលក់បានច្រើន ចរន្ដទិញលក់ខុនដូនឹងចាប់ផ្ដើមមាន ចំពោះអ្នកក្នុងស្រុក៕