(ព្រះវិហារ)៖ មន្ត្រីសុខាភិបាលខេត្តព្រះវិហារ, ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦មករា។
ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មន្ត្រីសុខាភិបាលខេត្ត មន្ត្រីនគរបាលខេត្ត និងថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ជាជំហ៊ានដំបូងនាពេលនេះ។ លោកបានថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងបណ្តាលប្រទេសជាមិត្តនានា ក៏ដូចជាសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានជួយផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ និងឧបត្ថម្ភទិញវ៉ាក់សាំង ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។
លោក ប្រាក់ សុវណ្ណ បានបន្ដទៀតថា «វ៉ាក់សាំងកូវីដ ដែលយើងនឹងគ្រោងចាក់នៅពេលនេះ គឺផលិតនៅប្រទេសមហាមិត្តចិន បានប្រើប្រាស់រាប់សិបលានដូស រួចមកហើយ ព្រមទាំងប្រទេសនានា លើសកលលោក ក៏បានប្រើប្រាស់រួចរាល់ហើយផងដែរ។ ចំណែកប្រទេសកម្ពុជាយើងវិញ គឺប្រើប្រាស់ក្រោយគេទេ ហើយមកដល់ថ្ងៃនេះ ខ្មែរយើងដែលបានទទួលការចាក់វ៉ាក់សាំងមានរាប់ម៉ឺននាក់ហើយដែរ ក្នុងនោះមានថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនរូបផងដែរ»។
ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣របស់ខេត្ត មន្ត្រីរាជការ និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខ្ពស់ ចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ដោយបានព្យាបាលអ្នកជំងឺកូវីដ-១៩ ពីរនាក់បានជាសះស្បើយ និងបានអប់រំណែនាំ ការពារ ធ្វើចត្តាឡីស័ករាប់ពាន់នាក់ផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការសុំអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដោយសារវ៉ាក់សាំងដំបូងមានចំនួនកំណត់ ទើបសម្រេចចាក់ជូនមន្ត្រីសុខាភិបាល មន្ត្រីនគរបាល កងទ័ព និងថ្នាក់ដឹកនាំសំខាន់ៗជាមុន ហើយនឹងផ្តល់ជូនមន្ត្រីរាជការទូទៅ និងប្រជាពលរដ្ឋទាំងអស់តាមជំហានៗនាពេលក្រោយ។
លោកក៏បានផ្តាំផ្ញើដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១រួចហើយ ត្រូវថែរក្សាសុខភាព តាមការណែនាំរបស់គ្រូពេទ្យ នឹងត្រូវត្រឡប់មកចាក់វ៉ាក់សាំងលើកទី២ ឲ្យទាន់ពេលកំណត់ ហើយត្រូវចងចាំថា វ៉ាក់សាំងមិនមានប្រសិទ្ធភាព១០០%នោះទេ តែវាអាចកាត់បន្ថយ ឱកាសនៃការឆ្លងជំងឺកូវីដឲ្យនៅតិចបំផុត ដូច្នេះត្រូវថែរក្សាសុខភាព ត្រូវប្រុងប្រយ័ត្ន ពិសេសត្រូវអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ៕