(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៦៤ ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបានចាក់នៅពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ អាចជួយការពារការចម្លងមេរោគកូវីដឥ១៩បាន។ លោកថា ទោះយើងទាំងអស់គ្នា បានចាក់វ៉ាក់សាំងការពារក៏ពិតមែន តែត្រូវបន្តថែរក្សាអនាម័យ សុខភាពផងដែរ ពិសេសត្រូវគោរពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣ការពារ និង៣កុំ ក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។
ក្នុងនាមអង្គភាពកងពលធតូចអន្តរាគមន៍លេខ៦ លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាក្រសួងសុខាភិបាល ដែលបានខិតខំបង្កើតយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងកងកម្លាំងនៅពេលនេះ។
លោកមេបញ្ជាការ បានណែនាំដល់អ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងទាំងអស់ សូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីរក្សាគុណភាពថ្នាំវ៉ាក់សាំងកូវីដ-១៩នេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ និងកុំភ្លេចមកចាក់លើកទី២ តាមការណាត់របស់គ្រូពេទ្យ៕