(កំពត)៖ លោក ជាវ តាយ អភិបាល អភិបាលខេត្តកំពត បានចុះពិនិត្យមើល ការបើកយុទ្ឋនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ដែលយុទ្ធនាការនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ សកម្មភាពនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក លោកស្រីជាស្នងការរង និងមន្ត្រីក្នុងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា ជំងឺឆ្លងកូវីដ១៩គឺជាបញ្ហាសកល ដែលពិភពលោកបាននិងកំពុង ផ្ដោតការយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ ដោយឡែកសម្រាប់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែងបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហា ការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះផងដែរ។

ក្នុងនោះដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ សម្ដេចតេជោហ៊ុន សែន តែងតែបានខិតខំយកចិត្តទុកដាក់ ណែនាំនិងដាក់បទបញ្ជា ព្រមទាំងវិធានការសុខាភិបាល យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ ពិសេសការស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន និងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យមានវ៉ាក់សាំងចាក់ដោយស្ម័គ្រចិត្ត ដល់ប្រជាពលរដ្ឋទូទៅដែលអាចចាក់បាន។

ដោយឡែក ខេត្តកំពតជាជំហានដំបូងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ជូនវ៉ាក់សាំងការពារកូវីត១៩នេះ ចំនួន៣០០០ដូស មានឈ្មោះថា ស៉ីណូហ្វាម មកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចាក់ជូនដល់ មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខ ជាជំហានដំបូង ក្នុងខេត្តកំពតតាមគោលការណ៍ស្ម័គ្រចិត្ត។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធ ក្នុងកម្មវិធីចាក់នេះទាំងអស់ ឲ្យយកចិត្តទុកដាក់ ផ្ដល់វ៉ាក់សាំង ដល់អ្នកដែលបានមកទទួលឱ្យបានល្អ ហើយជាមួយនោះ អ្នកដែលត្រូវទទួលវ៉ាក់សាំង ក៏ត្រូវគោរពតាមការណែនាំ របស់គ្រូពេទ្យ ក្នុងរយៈពេលនៃការទទួលវ៉ាក់សាំងនេះផងដែរ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពត មានចំនួន ០៥ទីតាំង រួមមាន មន្ទីរពេទ្យបង្អែកខេត្តកំពត, មន្ទីរពេទ្យបង្អែកឈូក, មន្ទីរពេទ្យបង្អែក អង្គរជ័យ, មន្ទីរពេទ្យបង្អែកកំពង់ត្រាច និងមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា។ តាមទិន្នន័យក្នុងផែនការ របស់មន្ទីរសុខាភិបាលខេត្ត ចំនួនមនុស្ស សរុបត្រូវទទួលវ៉ាក់សាំងរហូតដល់មានចំនួន ៣១៧៨នាក់ ក្នុងជំហានលើកទីមួយនេះ៕