(កំពង់ធំ)៖ រមណីយដ្ឋានបឹងពែរជារមណីដ្ឋានមួយ ដែលទើបតែបានលេចរូបរាងក្នុងរយៈពេល ៣ទៅ៤ខែនេះតែប៉ុណ្ណោះ ស្ថិតនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ទោះជាទើបបង្កើតឡើងថ្មីៗនេះក៏ដោយ គេសង្គេតឃើញមានភ្ញៀវទេសចរជាច្រើន បានទៅកម្សាន្តទៅរមណីដ្ឋានេះជាហូរហែរ មិនដាច់នោះឡើយ ដោយសារទីនោះពោរពេញដោយធម្មជាតិខៀវខ្ចីស្រស់បំព្រង ដែលអាចជួយឱ្យអ្នកទេសចរបានគយគន់នូវទេសភាព និងស្តាប់សំលេងទឹកហូរដ៏ពិរោះរណ្តំ អាចបំភ្លេចអស់នូវទុកកង្វល់ទាំងពួងបាន។
រមណីយដ្ឋានបឹងពែរនេះ បើអ្នកទេសចរធ្វើដំណើរពីទីរួមខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ នឹងឃើញផ្លូវបែកជាបួន ដែលជាទីរួមស្រុកប្រាសាទបល្ល័ង្ក ហើយធ្វើដំណើរបត់ឆ្វេង តាមស្ថានីយប្រេងសាំងតេលា តាមផ្លូវកៅស៊ូទើបនឹងសាងសង់ថ្មីប្រហែល៦គីឡូម៉ែត្រ ជិតចំការកៅស៊ូ នឹងឃើញមានផ្លាកសញ្ញាបត់ឆ្វេងប្រហែលជា ៣០០ម៉ែត្រទៀតនឹងដល់រមណីយដ្ឋាននេះតែម្តង។
ពេលនៅដល់រមណីដ្ឋាននេះ ភ្ញៀវទេសចរនឹងឃើញមានដើមឈើគ្រប់ដណ្ដប់លើផ្ទៃទឹកដងអូរបឹងពែ និងមានកញ្ចុះអ្នកលក់នៅតាមមាត់អូរ ដែលមើលទៅហាក់បីដូចជា ស្រស់ស្រាយអារម្មណ៍ ដោយឃើញមានឆ្នេរខ្សាច់ ទឹកហូរ និងមានមច្ឆាតូចៗបណ្ដែតតាមទឹកហូរ ជាមួយនឹងកញ្ចុះឫស្សីលើទឹកតាមដងអូរ ក្រោមម្លប់ឈើ ត្រជាក់ស្រស់ស្រាយ លាយឡំនិងបទចម្រៀងនិងសំលេងសត្វយំប្រចឹកគ្នាផងដែរ។
លោក ស្វាយ សុជ័យ អាជីវករលក់ដូរនៅកន្លែងរមណីដ្ឋាននេះ បានឲ្យដឹងថា រមណីយដ្ឋាននេះទើបតែកកើតបានប្រមាណជាបីបួនខែតែប៉ុណ្ណោះ តែមានភ្ញៀវមកកម្សាន្ត ជាហូរហែ ហើយនៅក្នុងហាងរបស់លោកមានកុម្ម៉ង់ម្ហូប មានមាន់ស្រែ ត្រីស្រែ និងកន្ធាយ ដែលទៅតាមភ្ញៀវដែលកុម្ម៉ង់ និងមានបម្រើសេវា២៤ម៉ោង។ លោកក៏បានអំពាវ នាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទៅដល់ទៅនោះមកសូមចូលរួមលេងទស្សនា និងចូលរួមសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីសុខភាពទាំងអស់គ្នា។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋ ដែលបានទៅលេងនៅទីនោះបានលើកឡើងដូចៗគ្នាថា ការមកដល់រមណីដ្ឋានបឹងពែរនេះ ហាក់បីដូចជាមានអារម្មណ៍ស្រស់ស្រាយ ដោយឃើញទិដ្ឋភាពធម្មជាតិពណ៌បៃតង រួមនឹងស្នូទឹកហូរដែលបានជួយឱ្យរំសាយអស់អារម្មណ៍សៅហ្មងផងដែរ។
លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក ក៏បានលើកឡើងផងដែរថា នៅក្នុងស្រុកប្រាសាទបល្ល័ង្គ មានរមណីយដ្ឋានធម្មជាតិស្ទឹងបឹងម្រាក រមណីយដ្ឋានកែច្នៃ ៣០កញ្ញា រមណីយដ្ឋានបែបធម្មជាតិកែច្នៃសហគមន៍អូរខ្លាដេក រមណីយដ្ឋានក្បាលខ្លា និងរមណីយដ្ឋានបឹងពែរនេះផងដែរ៕