(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានសម្រេចយកសណ្ឋាគារ «សាកាណា» ជាកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅផ្លូវ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោយអ្នកឆ្លងជំងឺកូវីដនៅខេត្តមួយនេះ កើតឡើងដល់ជិត ៥០នាក់ ហើយភាគច្រើនបំផុតជាជនជាតិចិន។
សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ លោក គួច ចំរើន បានកំណត់ថា ម្ចាស់សណ្ឋាគារ «សាកាណា» មានភារកិច្ចផ្អាកទទួលភ្ញៀវដ៏ទៃឲ្យស្នាក់នៅ ក្នុងសណ្ឋាគារ ហើយត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ដ្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឲ្យមានលក្ខណៈសមស្របជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។
បន្ថែមពីនេះ ត្រូវរៀបចំសម្អាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសណ្ឋាគារទាំងក្នុង និងជុំវិញបរិវេណសណ្ឋាគារមុនពេលទទួលយកអ្នកជំងឺមកព្យាបាល និងក្រោយពេលបញ្ចប់មុខងារជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត បានកំណត់ទៀតថា ម្ចាស់សណ្ឋាគារត្រូវណែនាំបុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារដែលចាំបាច់ត្រូវនៅបម្រើការងារបន្ដដូចជា៖ អ្នកសម្អាតអនាម័យ អ្នកដាំស្ល ឬសន្ដិសុខជាដើម ឲ្យអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែក ក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។
លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន៣២កន្លែង នៅក្រុងព្រះសីហនុ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងបិទទីតាំងដែលពាក់ព័ន្ធនោះជាបន្ដបន្ទាប់។
លោកថា សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះកើនឡើង៥២នាក់៕