(កោះកុង)៖ មេអណ្តើកហ្លួង ឬអណ្តើកសរសៃ ដែលជាសត្វល្មូនជិតផុតពូជចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សរុបមានចំនួន ៧១ពង ខណៈក្រុមការងារគ្រោងនឹងលែង៥០ក្បាលទៀត នៅចុងឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការអង្គការ WCS ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ។

បើនេះយោងតាមរូបភាពទទួលបានពីម៉ាស៊ីនថតសត្វស្វ័យប្រវត្តិបានបញ្ជាក់ថា ពងអណ្តើកហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ៥ក្បាល ដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំ នៅក្នុងមជ្ឈមណ្ឌលនោះក្បាលពីជាង ១០ឆ្នាំមុន ដោយក្នុងនោះមាន ៤ក្បាលត្រូវបានក្រុមការងារយកពីតាមឆ្នេរខ្សាច់ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ក្រោយញាស់ភ្លាម និងមួយក្បាលទៀត ត្រូវបានប្រជាពលរដ្ឋនៅខេត្តកោះកុង យកមកប្រគល់ឱ្យកាលពីឆ្នាំ២០១៧។

បើតាមលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុង និងមេគង្គនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នេះជាលើកទីមួយហើយ ដែលអណ្តើកហ្លួងចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះបានពង ក្រោយពេលដែល មេអណ្តើកហ្លួងទាំងនេះ ត្រូវបានយកមកចិញ្ចឹមថែទាំតាំងពីឆ្នាំ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថា តើត្រូវសាងសង់សម្បុកសប្បនិមិត្ត ដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ទុកវាឱ្យញាស់ក្នុងសភាពដើម»។

លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិង ថលជលិកនៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបន្តថា «នេះគឺជារឿងដ៏រំភើប និងដ៏សំខាន់មួយដែលមិនគួរឱ្យជឿថា ប្រភេទសត្វអណ្តើកក៏កម្របែបនេះ អាចពងនៅទីនេះ។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លួង ដែលយើងយកមកចិញ្ចឹម គឺជាគោលដៅអភិរក្សមួយ សម្រាប់ស្តារប្រភេទអណ្តើកហ្លួង ដែលជិតផុតនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា។ យើងរំពឹងថា គម្រោងនឹងអាចជំរុញការបង្កាត់ប្រភេទអណ្តើកនេះ បានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ»

លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានផ្នែកអភិរក្ស ស្រាវជ្រាវ និងពេទ្យសត្វ នៃឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) បានមានប្រសាសន៍ថា ឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) មានក្តីរំភើបដោយបានចូលរួមចំណែក ក្នុងគោលដៅដ៏សំខាន់មួយទៀត ដើម្បីអភិរក្សប្រភេទអណ្តើកដ៏កម្រនេះ។ ឆ្នាំ២០២១ គឺជាការចាប់ផ្តើមដ៏អស្ចារ្យមួយសម្រាប់អណ្តើកហ្លួង បន្ទាប់ពីយើងបានលែងប្រភេទអណ្តើកនេះចំនួន១០ក្បាល ចូលទៅក្នុងទីជម្រកធម្មជាតិវិញកាលពីចុងខែមករាកន្លងទៅ។ នេះជាការលើកទឹកចិត្តមួយសម្រាប់ពួកយើង ដោយឃើញដៃគូរបស់យើងសម្រេចការងារបានលទ្ធផលល្អ ទោះបីជាស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែង ដោយជំងឺរាតត្បាតនៅលើពិភពលោកក្តី ហើយយើងខ្ញុំរីករាយ និងអបអរសាទរសមិទ្ធផលទាំងនេះទាំងអស់គ្នា។ នេះគឺជាសក្ខីភាពនៃការលះបង់របស់ដៃគូពាក់ព័ន្ធនានា របស់យើងក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្ស ដើម្បីការពារប្រភេទអណ្តើកហ្លួងនេះ។

ចំណែកលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្ត និងគាំទ្រពេញទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀត ដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»

អង្គការ WCS បាននឹងកំពុងសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ ២០០០ ដើម្បីអភិរក្សប្រភេទអណ្តើកហ្លួងនេះ (មានឈ្មោះវិទ្យាសាស្ត្រថា Batagur affinis) នៅកម្ពុជា។ បន្ទាប់ពីបានរកឃើញវត្តមានប្រភេទនេះសាជាថ្មីក្នុងឆ្នាំ ២០០០ នៅតាមប្រព័ន្ធព្រែកស្រែអំបិលភាគនិរតីនៃប្រទេសកម្ពុជា អង្គការ WCS សហការជាមួយរដ្ឋបាលជលបានបង្កើតកម្មវិធីការពារសម្បុក ដោយបានជ្រើសរើសអតីតអ្នកដើរប្រមូលពងអណ្តើក ឱ្យធ្វើជាអ្នកការពារសម្បុកអណ្តើក។

ក្នុងឆ្នាំ២០០៦ អង្គការ WCS បានសាងសង់មណ្ឌលសម្រាប់ចិញ្ចឹមថែទាំអណ្តើកមួយ ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីរក្សាទុកកូនអណ្តើកដែលប្រមូលបានពីតាមឆ្នេរខ្សាច់។ ក្រោយមកក្នុងឆ្នាំ២០១៦ មណ្ឌលនេះត្រូវបានប្តូរទីតាំងទៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទវិញ។ រៀងរាល់ឆ្នាំកូនអណ្តើកដែលញាស់នៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិល ត្រូវបានក្រុមការពារសម្បុកប្រមូលបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ ទើបយកវាទៅលែងចូល ក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ ឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី ជាម្ចាស់ជំនួយដ៏សំខាន់មួយក្នុងចំណោមម្ចាស់ជំនួយជាច្រើន ដែលបានផ្តល់មូលនិធិគាំទ្រដល់គម្រោងនេះ។

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៩២ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ៩៦ក្បាល ត្រូវបាលលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ២០១៥មក ហើយក្រុមការងារគ្រោងនឹងលែង ៥០ក្បាលទៀត នៅចុងឆ្នាំ ២០២១ខាងមុខនេះ។ អណ្តើកស្ទើរជំទង់ និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កកំណើតចំនួន៤។ ចំណែកឯ អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កកំណើត៕