(ភ្នំពេញ)៖ ក្រុមហ៊ុនឯកជនធំៗនៅក្នុងស្រុកចំនួន៣ បានបរិច្ចាគនូវទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញអាចទទួលបាននូវការហូបចុក និងការរស់នៅសមរម្យ ខណៈដែលពួកគាត់មានជីវភាពក្រីក្រ និងភាគច្រើនជាមនុស្សចាស់ផងនោះ។
ក្រុមហ៊ុនទាំង៣ដែលបានមកសម្តែងការគួរសម និងផ្តល់ថវិកាទាំងនេះជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ ក្រុមហ៊ុនដែលបរិច្ចាគទឹកប្រាក់ ជូនដល់មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ខាងលើនេះ រួមមាន៖
*ទី១៖ លោក អ៊ឹង ស៊ីវម៉េង តំណាងលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) ផ្តល់ជូនថវិកាចំនួន១០ម៉ឺនដុល្លារ
*ទី២៖ ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ
*ទី៣៖ ក្រុមហ៊ុន ប៉េង ហួត ឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ។ សរុបទាំងអស់ចំនួន៣០ម៉ឺនដុល្លារ ដើម្បីជួយសម្រួលជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូ ដែលពួកគាត់ភាគច្រើនជាមនុស្សចាស់ ដែលបាននិងកំពុងរកស៊ីធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង៣ក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ជួយសម្រួលដល់ជីវភាពបងប្អូនអ្នកធាក់ស៊ីក្លូនៅភ្នំពេញ ដើម្បីឲ្យពួកគាត់ដោះស្រាយ ជីវភាពបានមួយកម្រិតថែមទៀត។
គួរបញ្ជាក់ថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មានរយៈពេលជាង៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ជាប្រធានកិត្តិយស ហើយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។
មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងម្នាក់៧ពាន់រៀល ក្នុង១ថ្ងៃ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូនិងបណ្ណ ប.ស.ស ដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ថែមទៀត។
មូលនិធិត្រីចក្រយាននេះ អាចនឹងត្រូវចំណាយក្នុងរង្វង់ពី ២៤-៣០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដោយសម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង ៥០០លានរៀល (ប្រមាណ ១៤ម៉ឺនដុល្លារ) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕