(ភ្នំពេញ)៖ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកម្លាំងសមត្ថកិច្ចចំនួន ៣០នាក់ផ្សេងទៀត ដែលកំពុងយាមកាមរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមទីតាំងចំនួន ៤កន្លែង ក្នុងសង្កាត់ចំនួន៣ នៃខណ្ឌប្ញស្សីកែវ ដែលជាប់ពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភ:» បន្តទទួលបានគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដើម្បីដោះជីវភាពប្រចាំថ្ងៃ ពីមន្ត្រីនៃក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សកម្មភាពរបស់អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានេះ ក៏មានការរួមដំណើរ ពីលោកស្រី អាន ផល្លា អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, លោកស្រី ទូច សារ៉ុម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ, លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, អាជ្ញាធរសង្កាត់ទាំង៣គឺ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦, ប្រធាន-អនុប្រធានតាមបណ្ដាការិយាល័យជុំនាញ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្រៅពីការក្រើនរំលឹកឲ្យកងកម្លាំងយកចិត្តទុកដាក់រក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ, លោក ជា ពិសី ក៏បានជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋឲ្យរក្សាអនាម័យជានិច្ច ដោយអនុវត្តនូវសារផ្ដាំផ្ញើដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន តាមវិធានការរបស់ក្រសួងសុខាភិបាល «៣ ការពារ និង៣កុំ» រួមមាន៖ ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម, គម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ) ដែល៣ការពារនេះសំខាន់ខ្លាំងណាស់ ដើម្បីយកឈ្នះលើជំងឺកូវីត-១៩។
ឯ៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ហើយរកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា, កុំចាប់ដៃគ្នា, កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម បើផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ ដាច់ខាតកុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមៗ៕