(ភ្នំពេញ)៖ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងនាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS) បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។
ពិធីលែងនេះ បានធ្វើឡើងក្រោមគម្រោងមួយដែលគាំទ្ររួមគ្នាដោយសហភាពអឺរ៉ុប (EU), ឧទ្យានសត្វព្រៃWRS, Rainforest Trust, US Forest Service និង TSA ហើយដែលគម្រោង នេះអនុវត្តដោយអង្គការ WCS ប្រចាំកម្ពុជា សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុកអណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។ នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី១ ទី២ និងទី៣ ក្នុងឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២០ ដែលសរុបទាំងបួនលើក មានចំនួន ៩៦ក្បាល។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះនេះឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ»។
ជាមួយគ្នានេះដែរ លោក វិបុល ក៏បានស្នើឱ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។
បើតាមលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានថ្លែងថា អណ្តើកហ្លួងទាំង ១០ក្បាល (ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis) ដែលបានលែងនៅថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីវាបានញាស់នៅក្នុងសំបុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៥ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ភាគអាគ្នេយ៍ក្រុងកោះកុង ដើម្បីចិញ្ចឹមថែទាំឱ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
អណ្តើកប្រភេទនេះ ស្ថិតក្នុងប្រភេទអណ្តើក ទឹកសាបនិងអណ្តើកគោកចំនួន ២៥ប្រភេទ ដែលជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិតឆ្នាំ២០០៥។
ដោយសារមានការនេសាទខុសច្បាប់ ការធ្វើអាជីវកម្មហួសប្រមាណ ការបាត់បង់ទីជម្រក និងការធ្វើអាជីវកម្មខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ។ សត្វអណ្តើកទាំងនេះកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។
ក្រុមអ្នកអភិរក្សជឿថា អណ្តើកហ្លួង ឬអណ្តើកសរសៃបានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្តើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល។
ចាប់តាំងពីពេលនោះមក អង្គការ WCS និងរដ្ឋបាលជលផល បានសហការគ្នាការពារប្រភេទសត្វអណ្តើកនេះកុំឱ្យផុតពូជ។ សកម្មភាពការងារអភិរក្សសត្វអណ្តើកហ្លួងនេះរួមមាន កម្មវិធីការពារសំបុកអណ្តើកហ្លួង ការចិញ្ចឹមថែទាំក្រោយពេលញាស់ ការទប់ស្កាត់ការជួញដូរខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ ការពិនិត្យតាមដាន ការផ្សព្វផ្សាយ និងការគាំទ្រលើជីវភាពរស់នៅរបស់សហគមន៍ ក្រោមការឧបត្ថម្ភថវិកាពីម្ចាស់ជំនួយជាច្រើន រួមមាន សហភាពអឺរ៉ុប និងឧទ្យានសត្វព្រៃសឹង្ហបុរី (WRS)។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារ និងអភិរក្សអណ្តើកហ្លួងទាំងនេះ ហើយនេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា។ សហភាពអឺរ៉ុប បាននឹងកំពុងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសំបុកអណ្តើកហ្លួងនិងកន្ធាយក្បាលកង្កែប ដោយមានអង្គការ WCS ជាអ្នកអនុវត្តគម្រោង សហការជាមួយ រដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន។ សហភាពអឺរ៉ុប ក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗ ប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ»។
លោកបណ្ឌិត សុនចា ឡូហ្ស (Dr Sonja Luz) នាយកឧទ្យានសត្វព្រៃ WRS បានឱ្យដឹងយ៉ាងដូច្នេះថា៖ «វាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពួកយើង ដោយឃើញគម្រោងនេះសម្រេចបានលទ្ធផលល្អ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ជាក់ស្តែង អណ្តើកហ្លួងជិត ១០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមរវាងរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងអង្គការអភិរក្សសត្វព្រៃផ្សេងទៀតដែលបានប្រឹងប្រែងធ្វើការរួមគ្នា ក្នុងគោលបំណងជួយសង្គ្រោះប្រភេទនេះកុំឱ្យវិនាសផុតពូជ។ យើងខ្ញុំ ប្តេជ្ញាបន្តធ្វើការជាមួយដៃគូជាច្រើនទៀតដើម្បីការពារប្រភេទអណ្តើកដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជនេះនៅក្នុងតំបន់ដូចជា ប្រភេទអណ្តើកហ្លួងរបស់កម្ពុជានេះជាដើម»។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានអះអាងយ៉ាងដូច្នេះថា៖ «កម្មវិធីការពារសំបុកអណ្តើក ដើរតួនាទីដ៏សំខាន់ក្នុងការការពារប្រភេទសត្វអណ្តើកដ៏កម្រ និងជិតផុតពូជទាំងនេះ តាមរយៈការលើកទឹកចិត្តអោយមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋានក្នុងការការពារ និងថែរក្សាសំបុកអណ្តើក រហូតដល់ពេលកូនអណ្តើក ញាស់ចេញដោយជោគជ័យ»៕