(កំពត)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាង តំបន់ឆ្នេរ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដោយចូលរួមពីប្រតិភូអមដំណើរ មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងផ្ដោតសំខាន់ លើការពិភាក្សា និងបង្ហាញរបាយការណ៍លទ្ធផលជាក់លាក់ពីស្ថានភាពព្រៃកោងកាង ដែលនៅសេសសល់នាបច្ចុប្បន្នក្នុងខេត្តកំពត។
តាមមតិពិភាក្សានៃកិច្ចជុំនោះ មន្ត្រីជំនាញខាងក្រសួងកសិកម្ម និងរដ្ឋបាលខេត្តកំពត មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ព្រៃកោងកាងដែលជាដែនជម្រកជីវៈចម្រុះ និងបានបង្ហាញមូលហេតុបាត់បង់ផ្សេងៗគ្នា។ ផ្ទៃដីព្រៃកោងកាងនៅក្នុងខេត្តកំពត ក៏ដូចជាខេត្តជាប់មាត់សមុទ្រ រហូតដល់បច្ចុប្បន្ននៅពុំទាន់មានការកំណត់បង្គោលព្រំ ឬទំហំឲ្យបានច្បាស់លាស់នៅឡើយទេ។
ដោយឡែកព្រៃកោងកាង ស្ទើរពាក់កណ្តាលស្ថិតនៅក្នុងដីស្រែអ៊ូរសម្រាប់ផលិតអំបិល ដែលគ្រប់គ្រងដោយពលរដ្ឋ ខណៈដែលព្រៃកោងកាងតាមមាត់ឆ្នេរ ត្រូវបានបុគ្គល និងក្រុមហ៊ុនបំពានចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍ ខុសច្បាប់ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យព្រៃកោងកាង ឈានទៅរកការបាត់បង់ស្ទើទាំងស្រុងបើពុំមានវិធានការការពារគ្រប់គ្រង និងអភិរក្សឲ្យបានទាន់ពេលវេលានោះទេ។
លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឲ្យដឹងថា ខេត្តកំពត មានសក្ដានុពលខ្លាំង និងបានទាក់ទាញគម្រោងវិនិយោគជាច្រើន ពិសេសនៅតំបន់ឆ្នេរ ដែលមានការពាក់ព័ន្ធ នឹងព្រៃកោងកាង ដែលនាំឱ្យមានការរំលោភបំពាន និងចាក់ដីលប់ជាបន្តបន្ទាប់ និងធ្វើឱ្យបាត់បង់ព្រៃកោងកាងជាច្រើនហិកតា។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា «ព្រៃកោងកាងស្ទើរពាក់កណ្តាល ស្ថិតនៅក្នុងដីស្រែអ៊ូរ សម្រាប់ផលិតអំបិល ដែលគ្រប់គ្រងដោយពលរដ្ឋ ដូច្នេះជំនាញជលផល មិនអាចគ្រប់គ្រង ឬបោះបង្គោលព្រំការពារ និងអភិរក្សបាននៅឡើយទេ»។
ចំណែកលោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រាប់ឲ្យដឹងដែរថា ខេត្តកំពត-កែប មានទំហំផ្ទៃដីស្រែអ៊ូជាង ៩០០ហិកតា ប៉ុន្តែស្រែអ៊ូ ខ្លះមិនមានដុះព្រៃកោងកាងទៀតទេ ដោយសារការបោះបង់មិនផលិតអំបិល។
ក្នុងឱកាសនោះ លោក ហាស់ សារ៉េត និងលោក ជាវ តាយ បានដាក់កំណត់យន្តការជាគោលការណ៍ ក្នុងការអនុវត្តន៍ដោយបញ្ជក់ថា ដើម្បីថែរក្សាអភិរក្ស និងការគ្រប់គ្រងព្រៃកោងកាង ក្នុងតំបន់ឆ្នេរឲ្យមានប្រសិទ្ធភាព ទាមទារចាំបាច់ត្រូវមានកិច្ចសហការ ពីជំនាញ និងមន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងក្រសួងកសិកម្ម ធ្វើបច្ចុប្បន្នភាពផ្ទៃដីព្រៃកោងកាង ដែលនៅសេសសល់ឲ្យបានជាក់លាក់ ដោយធ្វើផែនទីបោះបង្គោលព្រំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ដើម្បីនឹងបញ្ជូនឯកសារទៅគណៈកម្មការអន្តរក្រសួងពិនិត្យ និងដាក់សំណើជូនប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់ដែនគ្រប់គ្រងឱ្យបានច្បាស់លាស់។
លោករដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានសំណូមពរ និងស្នើឲ្យរដ្ឋបាលខេត្តកំពត ជំរុញមន្ត្រីជំនាញឲ្យរួមគ្នា ចុះពិនិត្យទីតាំងជាក់ស្ដែង និងធ្វើផែនទីការកំណត់ព្រំដីព្រៃកោងកាងឲ្យបានឆាប់រហ័សច្បាស់លាស់ និងបោះបង្គោលព្រំកំណត់ដែនអភិវរក្សឲ្យបានទាន់ពេលវេលា បើមិនដូច្នេះព្រៃកោងកាងអាចនឹងបាត់បង់ទាំងស្រុងសម្រាប់ដល់ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់ថា តាមទិន្នន័យរបស់អង្គភាពជំនាញពាក់ព័ន្ធឲ្យដឹងថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែងជាង ៦៦គីឡូម៉ែត្រ ក្នុងនោះមានព្រៃកោងកាងក្នុងតំបន់ឆ្នេររាប់ពាន់ហិកតា តែបច្ចុប្បន្នមាននៅសល់ ដែលបាននិងកំពុងថែរក្សា និងអភិរក្សមានត្រឹមតែប្រមាណ ១៩៦៩ហិកតាប៉ុណ្ណោះ៕