(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីកីឡា គ្រូបង្វឹក កីឡាករ និងកីឡាការិនីជម្រើសជាតិ ១,០៥១នាក់ ចែលត្រៀមចូលរួមប្រកួត និងទៅហ្វឺកហាត់នៅក្រៅប្រទេស ឆ្នាំ២០២១។ ការចាក់វ៉ាក់សាំងនេះ បានធ្វើឡើងនៅមន្ទីរពេទ្យព្រះកេតុមាលា។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចិន ចំនួន៦០ម៉ឺនដូស ជាប្រភេទវ៉ាក់សាំង Sinopharm បានបញ្ជូនមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិនលើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៦០,៤០៥នាក់ ខណៈចាក់លើកទី២បានចំនួន១៤២០នាក់។
ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា និងបានចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់។
ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលទូទាំងប្រទេស៖ អ្នកចាក់លើកទី១ សរុបចំនួន៖ ២៤,៣៣១នាក់, អ្នកចាក់លើកទី២ សរុបចំនួន៖ ៩១៣នាក់៕