(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចយកសណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម (ខុនដូរ) ផ្សារទំនើប មន្ទីរពេទ្យឯកជន ចំនួន២៩ទីតាំង ស្ថិតនៅក្រុងព្រះសីហនុ ដែលផ្អាកអាជីវកម្មបណ្ដោះអាសន្ន ក្រោយរកឃើញមានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាមណ្ឌលចត្តាឡីស័ក។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ថា ម្ចាស់ ឬអ្នកគ្រប់គ្រង់ទីតាំងដែលត្រូវបានកំណត់ជា មណ្ឌលចត្តាឡីស័ក ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារ នៃកិច្ចសន្យាជាមួយក្រុមការងារប្រចាំការនៅតាមគោលដៅនីមួយៗ រួមមាន៖

*យល់ព្រមផ្អាកបណ្ដោះអាសន្នអាជីវកម្មគ្រប់ប្រភេទ តាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ

*ត្រូវសហការជាមួយក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំបញ្ជីឈ្មោះ និងស្វែងរកភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងទីតាំងឲ្យបានមកយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានគ្រប់ៗគ្នា

*ត្រូវរៀបចំតម្រង់ជួរភ្ញៀវឲ្យមានសណ្តាប់ធ្នាប់ មិនដើររហេតរហូត មិនប៉ះពាល់គ្នា រក្សាគម្លាតសុវត្ថិភាពក្នុងពេលយកសំណាកតេស្ត

*ត្រូវណែនាំដល់ភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងពេលធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបានត្រឹមត្រូវការណែនាំរបស់ក្រសួងសុខាភិបាលដោយស្នាក់នៅ ដាច់ដោយឡែកពីគ្នា មិនឆ្លងបន្ទប់គ្នា មិនប៉ះពាល់គ្នា និងរក្សាភាពស្ងៀមស្ងាត់

*ត្រូវយកចិត្តទុកដាក់ពិនិត្យមើលបញ្ហាសុខភាព អ្នកត្រូវធ្វើចត្តាឡីស័ក ហើយរាយការណ៍ជូនក្រុមការងារជាប្រចាំ

*ត្រូវសហការជាមួយក្រុមការងារដើម្បីពិនិត្យ និងរៀបចំបាញ់ថ្នាំសម្លាប់មេរោគក្នុងទីតាំង ជុំវិញទីតាំងអគារតាមការចាំបាច់

*ត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកម្ទេចចោល

*ត្រូវខិតខំស្វែងរកភ្ញៀវ បុគ្គលិក និងអ្នកពាក់ព័ន្ធជាមួយទីតាំង ដែលបានចេញទៅខាងក្រៅមុនពេលបិទទីតាំងដើម្បីយកសំណាកតេស្ត និងធ្វើចត្តាឡីស័ក។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន២៩កន្លែង នៅក្រុងព្រះសីហនុ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងបិទទីតាំងដែលពាក់ព័ន្ធនោះជាបន្ដបន្ទាប់។ សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៤៧នាក់៕